ព្រះឥសូរដុតកម្ចេចព្រះកាមទេព

ព្រះកាមទេព គឺជាទេពមួយអង្គនៅក្នុងសាសនាព្រហ្មណ៍មានតួនាទីធ្វើអោយមនុស្សសត្វមានចំណង់កាមតណ្ហា ជានិច្ចកាលយើងតែងតែឮព្រះនាមព្រះអង្គនៅក្នុងបទចម្រៀង​ ប្រលោមលោកមនោសញ្ចេតនា ឬក្នុងភាពយន្តផ្សេងៗ ចំណែកឯនៅតាមប្រាសាទបុរាណខ្មែរមួយចំនួនក៏មានបង្ហាញទេពអង្គនេះ នៅតាមផ្តែរប្រាសាទផងដែរ ដូចជានៅផ្តែរប្រាសាទបន្ទាយស្រី មណ្ឌបជាន់ទី១នៃប្រាសាទអង្គរវត្តជាដើម។ តាមគម្ពីរបុរាណឥណ្ឌាបានសរសេររៀបរាប់ថា ព្រះកាទេព គឺជាទេពវ័យក្មេងរូបរាងសង្ហារម្នាក់ មានកាន់ធ្នូនិងព្រួញដែលធ្វើអំពីដើមអំពៅលម្អរដោយផ្កា៥ប្រភេទ មានមហេសីពីរអង្គ មានយាន្តជំនិះជាសត្វសេក។ តើមានរឿងនិទានអ្វីដែលទាក់ទងទៅនឹងព្រះកាមទេព ?

ព្រះកាមទេព តម្រង់ព្រួញទៅកាន់ព្រះសិវៈ
ព្រះកាមទេពលើកធ្នូតម្រង់ទៅព្រះសិវៈ 

 ខ្ញុំសូមលើកយករឿងរ៉ាវដែលទាក់ទងទៅនឹង ព្រះកាមទេពមកបកស្រាយដូចតទៅ ៖
តារកាសូរ គឺជាអសុរាដែលតែងតែយាយី ធ្វើទុក្ខបុកម្នេញ ដល់ពពួកទេពទេវៈ​និងព្រះឥន្ទ្រ ធ្វើអោយទេវៈទាំងនោះក្តៅក្រហាយ ទៅសុំជំនួយពីព្រះព្រហ្ម ។​ តារកាសូរ បានទទួលពរ ថា គ្មានទេពណាអាចកំចាត់គេបានឡើយ លើកលែងតែបុត្ររបស់ព្រះសិវៈ ប៉ុន្តែពេលនោះព្រះសិវៈ គ្មានបុត្រនោះទេ ។ និយាយពីព្រះសិវៈសិន ! ព្រះសិវៈ បន្ទាប់ពីបាត់បង់មហេសី ព្រះនាម សាតិ ព្រះអង្គលែងនឹកនាពីអ្វីទាំងអស់ គិតតែពីធ្វើសមាធិ មិនរវល់នឹងរឿងគ្រប់យ៉ាង​ដែលនៅជុំវិញព្រះអង្គ ។

ចំណែកឯព្រះនាង សាតិ បន្ទាប់ពីមរណៈ បានចាប់កំណើតជាព្រះនាង បារវតី ទើបព្រះព្រហ្មបានណែនាំនាងអោយទៅលួងលោមសុំស្នេហ៍ពីព្រះសិវៈ ប៉ុន្តែនៅតែគ្មានប្រយោជន៍ ព្រោះព្រះសិវៈ មិនបានចាប់អារម្មណ៍នឹងនាងឡើយ ទើបពួកទេពបានពឹង ព្រះកាមទេព និងមេហេសី ព្រះនាម រាតិ អោយជួយដល់ខ្លួន ធ្វើយ៉ាងណាអោយព្រះសិវៈ ស្ម័គ្រមេត្រីនឹងនាងបារវតី ដើម្បីបង្កើតបុត្រ ទៅបង្ក្រាបអសុរ តារកាសូរ ។ ព្រះកាមទេពបានទទួលសំណើររបស់ពួកទេវៈ និងបានទៅកាន់លំនៅដ្ឋានរបស់ព្រះសិវៈ ហើយបានប្រែក្លាយរដូវទៅជារដូវផ្ការរីក ដែលមានផ្ការីកស្គុះស្គាយ ក្លិនក្រអូបឈ្ងុយឈ្ងប់ ស្លឹកឈើរីកស្រស់បំព្រង សំលេងសត្វស្រែកច្រៀងកងរំពង  ដើម្បីរំខានដល់ការតាំងសមាធិរបស់ព្រះសិវៈ ប៉ុន្តែនៅតែមិនអាចដាស់អារម្មណ៍របស់ព្រះសិវៈ បាន ទើបព្រះកាមទេពសម្រេចប្រើធ្នូអំពៅបាញ់ព្រួញកាមទេព​សំដៅទៅព្រះសិវៈ ក្នុងគោលបំណងដាស់អារម្មណ៍អោយព្រះសិវៈ ចាប់ចិត្តមេត្រីបេតីលើរូបនាងបារវតី ។

បន្ទាប់ពីបានត្រូវព្រួញកាមទេពហើយ ព្រះសិវៈក៏បានភ្ញាក់ពីការតាំសមាធិ ហើយក្រោធជាខ្លាំងក៏បានបើកព្រះនេត្រទី៣ ដុតព្រះកាមទេពក្លាយជាផេះពេលនោះទៅ​ ។​ ព្រះសិវៈ ក៏បានចាប់ចិត្តប្រតិព័ទ្ធលើនាងបារវតី ហើយរួមសង្វាសបង្កើតបានបុត្រព្រះនាម ព្រះស្កន្ត ទៅសំលាប់អសុរ តារកាសូរបានដូចបំណង ។​
ចំណែកឯមហេសីរបស់ព្រះកាមទេព ព្រះនាងរាតិ  ខិតខំអង្វរព្រះសិវៈ សុំអោយផ្តល់ជីវិតដល់ព្រះកាមទេពវិញ​ ក៏ប៉ុន្តែព្រះសិវៈ មិនបានធ្វើតាមការអង្វរករនាងឡើយ បានត្រឹមតែអោយពរទៅព្រះកាមទេពថា សូមអោយព្រះកាមទេពក្លាយជាទេវៈមួយអង្គដែលគ្មានរូប មានគ្រប់ទីកន្លែងនៅជុំវិញផែនដី ធ្វើអោយមនុស្សសត្វទាំងពួង កើតមានឡើងនូវចំណង់កាមគុណ តែប៉ុណ្ណោះ។ ទើបចាប់ពីពេលនោះមក ព្រះកាមទេពលែងមានរូបរាងទៀត ហើយមានឈ្មោះមួយទៀតថា អនង្គ មានន័យថាគ្មានរូបរាង ព្រះអង្គកំពុងរសាត់អណ្តែតក្នុងលំហរអាកាស ដើម្បីផ្តល់នូវសេចក្តីត្រេកត្រអាលកាមតណ្ហាដល់មនុស្សសត្វលើផែនដីនេះ ៕


Comments

  1. សូមមេត្តាផ្តល់នូវយោបល់មតិ ដើម្បីកែលម្អរ

    ReplyDelete
  2. អាណិតព្រះកាមទេព

    ReplyDelete
    Replies
    1. គិតអញ្ចឹងដែរ​ ! ខំជួយគេតែរលាយខ្លួនឯងទៅវិញ

      Delete
  3. ខ្លួនគាត់បានរលាយ តែឈ្មោះនិងអនុភាពរបស់គាត់មិនបានរលាយទេ

    ReplyDelete

Post a Comment

Popular posts from this blog

អវតារទាំង១០របស់ព្រះវិស្ណុ ឬព្រះនារាយណ៍

រឿងនិទានសម័យអង្គរ ដែលបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន

តើនារីអប្សរាមានឈ្មោះដែរឬទេ?