ឧមាមហេស្វរៈ

ឧមាមហេស្វរៈ

រឿងនេះដំណាលថា កាលព្រះឥសូរកំពុងតាំងសមាធិនៅលើភ្នំកៃលាស ស្រាប់តែនៅចំពោះមុខព្រះអង្គមានផុសចេញចូវទេពធីតាមួយអង្គព្រះនាម ឧមា ដែលមានកំណើតចេញពីតំណក់ទឹកសន្សើមរបស់ស្ថានទាំងបីផ្សំធាតុចូលគ្នា ភ្លាមនោះព្រះឥសូរ ក៏ចាប់ចិត្តស្រលាញ់នាងឧមាមួយរំពេច ប៉ុន្តែព្រះនាងបានពោលថា បើព្រះអង្គពិតជាស្រលាញ់ទូលបង្គំមែន ទូលបង្គំសូមស្នើអោយមានវត្ថុពិសេសមួយធើ្វជាសាក្សីនៃសេចក្តីស្រលាញ់លើកដំបូងរបស់ព្រះអង្គមកលើខ្ញុំម្ចាស់នេះ។ ស្រាប់តែពេលនោះ មានរូបគោមួយដែលលេចចេញរូបរាងមិនពេញលក្ខណៈផុសនៅក្នុងកម្រងផ្កាទិព្វអណ្តែតលើលំហអាកាស ជួនឃើញខ្លួន ជួនឃើញស្នែង ជួនឃើញមុខមាត់ ជូនឃើញជើង ជួនឃើញកន្ទុយ ។ ពេលនោះនាងឧមា​ បានសុំឲ្យព្រះឥសូរផ្គុំរូបគោនោះឲ្យមានរូបរាងពេញលេញនិងមានជីវិតឡើង ព្រះឥសូរ ក៏យល់ព្រមហើយចាប់ផ្តើមរៀបចំពិធីផ្គុំធាតុគោ ដើម្បីជាចំណងដៃក្នុងពិធីមង្គលនោះ។​ជាកិច្ចចាប់ផ្តើម ព្រះឥសូរ បានស្នើសុំនូវតំណក់ទឹកសន្សើមនៅលើដងខ្លួនរបស់ព្រះនាងឧមា និងដំណក់ទឹកភ្នែករបស់បក្សីគ្រុឌ ដែលរក្សានៅលើថ្ងាសរបស់អង្គព្រះព្រហ្ម បន្ទាប់មកព្រះឥសូរ បានស្នើសុំនូវវត្ថុទិព្វមួយទៀត គឺឆព្វណ្ណរង្សីទាំង៦ពណ៌របស់អង្គព្រះវិស្ណុ ភ្លាមនោះព្រះវិស្ណុ បានរាំបញ្ចេញឆព្វណ្ណរង្សី (ពណ៌ស ពណ៌ក្រហម ខៀវ លឿង ហង្សបាទ និងពណ៌ផ្លេកៗពន្លឺពេជ្រ ) បង្កើតបានជាពន្លឺចែងចាំងទាំង៦ពណ៌ចាក់ចូលទៅក្នុងវត្ថុទិព្វទាំងឡាយនៅលើបាតដៃរបស់ព្រះឥសូរ ហើយព្រះឥសូរក៏បាចដំណក់ទឹកទាំងនោះទៅលើបំណែករូបគោ ទើបរូបគោបានផ្គុំជារូបរាងពេញលេញតែម្តង ។



ក្រោយផ្គុំជារូបរាងពេញលក្ខណៈនិងមានជីវិតរួចមក ព្រះគោបានដើរចុះសំដៅទៅគោរពព្រះម៉ែឧមា រួចហើយក៏គោរពព្រះឥសូរ គោនោះមានឈ្មោះថា គោនន្ទ ក្រោយមកបានក្លាយជាយានជំនិះនិងជាឆ្មាំការពាររបស់ព្រះឥសូរនិងព្រះនាងឧមា ។ នៅក្នុងពិធីមង្គលនោះ មុននឹងព្រះឥសូរលើកបីត្រកងព្រះនាងឧមា ដាក់លើខ្នងគោគោនន្ទ ព្រះនាងឧមាបានសួរទៅព្រះឥសូរថា តើព្រះអង្គស្រលាញ់ខ្ញុំម្ចាស់ ទុកស្មើនឹងអ្វី ?ព្រះឥសូរបានតបថា ស្រលាញ់ទុកស្មើនឹងដួងជីវិត !
ភ្លាមនោះ ព្រះឥសូរបានចាប់លើកបីព្រះនាងឧមា ដាក់លើភ្លៅគង់នៅលើគោនន្ទ​ ជាមួយគ្នា ហើយពិធីអាពាហ៍ពិពាហ៍ក៏បានចាប់ផ្តើមឡើងដោយមានអាទិទេពទាំងអស់បានមកចូលរួមអបអរថ្វាយព្រះពរជ័យដល់អ្នកទាំងពីរ ។​ នៅទីបំផុត អាទិទេពទាំងឡាយបានសម្រេចនាំគ្នាហៅព្រះឥសូរនិងព្រះនាងឧមា នៅពេលនោះថា ឧមាមហេស្វរៈ ។ 
មានសេចក្តីថា ឈ្មោះ ឧមាមហេស្វរៈ គឺជាឈ្មោះរួមរបស់ព្រះឥសូរនិងព្រះនាងឧមា នាពេលកំពុងរៀបអាពាហ៍ពិពាហ៍ និងគង់នៅលើខ្នងគោនន្ទ ដោយព្រះនាងឧមា គង់នៅលើភ្លៅរបស់ព្រះឥសូរ។ ចម្លាក់ ឧមាមហេស្វរៈ ត្រូវបានគេឆ្លាក់យ៉ាងច្រើននៅតាមប្រាសាទនានា 


Comments

Popular posts from this blog

អវតារទាំង១០របស់ព្រះវិស្ណុ ឬព្រះនារាយណ៍

រឿងនិទានសម័យអង្គរ ដែលបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន

តើនារីអប្សរាមានឈ្មោះដែរឬទេ?