រឿងព្រះក្រឹស្នៈ សំលាប់យក្សកិស៊ិ

ខ្មែរបានទទួលឥទ្ធិពលពីឥណ្ឌាតាំងពីសម័យបុរេអង្គរមកម្លេះ ជាពិសេសគឺវិស័យសាសនា និង របបគ្រប់គ្រងរដ្ឋ។ ដូច្នេះហើយនៅតាមប្រាសាទបុរាណនានាគេឃើញមានចម្លាក់ទាក់ទងទៅនឹងរឿងទេវកថាបែបព្រហ្មសាសនានិងរឿងទាក់ទងនឹងពុទ្ធសាសនាជាច្រើនឆ្លាក់នៅតាមផ្តែរ សសរពេជ្រ ជញ្ជាំង ស្ទើរគ្រប់កន្លែងនៃប្រាសាទ។ នៅក្នុងនោះ រឿងទេវកថាពីររឿងដែលមានប្រជាប្រិយភាពជាងគេ ត្រូវបានបុព្វបុរសខ្មែរយកមកឆ្លាក់ជាសាច់រឿងខ្លីៗនៅពាសពេញផ្ទៃប្រាសាទនានា គឺរឿងរាមាយាណៈ ឬរឿងរាមកេរ្តិ៍ និងរឿង មហាភារតយុទ្ធ ដូចដែលមានចម្លាក់នៅលើផ្ទាំងជញ្ជាំងនៃថែវប្រាសាទអង្គរវត្តជាភស្តុតាងស្រាប់។ ក្នុងអត្ថបទនេះ ខ្ញុំលើកយកវគ្គមួយនៅក្នុងរឿង មហាភាតរយុទ្ធ មកបកស្រាយ ព្រោះមានចម្លាក់ជាច្រើនត្រូវបានឆ្លាក់នៅតាមប្រាសាទ គឺវគ្គ ព្រះក្រឹស្នៈ ដែលជាអវតារទី៨ របស់ព្រះវិស្ណុ សំលាប់យក្សកិស៊ិ ។ សាច់រឿងមានដូចតទៅនេះ ៖
ស្តេចកំណាចកាំស្សៈ ដែលជាឪពុកមារបស់កុមារក្រឹស្នៈ បានព្យាយាមបញ្ជាអោយសេនារបស់ខ្លួនតាមសំលាប់ក្រឹស្នៈម្តងហើយម្តងទៀតព្រោះបារម្ភខ្លាចក្រឹស្នៈ ដណ្តើមអំណាចពីខ្លួននៅថ្ងៃណាមួយ ប៉ុន្តែមិនដែលបានជ័យជំនះម្តងណានោះឡើយ។

ព្រះក្រឹស្នៈប្រយុទ្ធជាមួយយក្សកិស៊ិ (ប្រាសាទ បាគង)
មានម្តងនោះ ស្តេចកំណាចកាំស្សៈ បានបញ្ជាអោយយក្សឈ្មោះកិស៊ិ ទៅសំលាប់ក្រឹស្នៈទៀត យក្សនោះបានប្រែកាឡាជាសត្វសេះយ៉ាងធំមួយក្បាល ដោយកន្ទុយបក់បោយទៅលើមេឃ បង្កើតអោយមានពពកវិលចូលគ្នាគួរអោយភ្ញាក់ផ្អើល ទំងន់នៃក្រចកជើងសេះធ្វើអោយដីខូងយ៉ាងជ្រៅ ចំណែកសម្រែកវិញ ប្រៀបដូចជាសម្រែករោទ៍នៃសត្វសឹង្ហ ធ្វើអោយអ្នកស្រុកភូមិទាំងឡាយមានការភ័យតក់ស្លុតជាខ្លាំង ។
ដើម្បីការពារអ្នកស្រុកភូមិរបស់ខ្លួន កុមារក្រឹស្នៈបានលេចចេញមកឈរពីមុខសេះកំណាចនោះ ។ គ្រាន់តែបានឃើញក្រឹស្នៈភ្លាម សេះកិស៊ិ បានបង្កើនសម្រែករបស់ខ្លួនយ៉ាងកងរំពង លើកជើងលោតកញ្ជៀវចុះឡើងៗ រួចក៏បោលសំដៅក្រឹស្នៈលឿនដូចព្យុះកំបុតត្បូង ក្រឹស្នៈបានគេចផុត ពីការផាយរបស់ជើងសេះ និងបានប្រើជើងរបស់ខ្លួនទាត់ចំខ្លួនសេះ ហើយចាប់កន្ទុយគ្រវីគ្រវាត់ទៅឆ្ងាយ សេះបានធ្លាក់លើដី ហើយសន្លប់មួយសន្ទុះ លុះដឹងខ្លួនសេះកិស៊ិនោះ មានកំហឹងយ៉ាងខ្លាំង​ហើយបានបញ្ចេញសម្រែក បោលសំដៅរកព្រះក្រឹស្នៈម្តងទៀត ។ដោយឃើញសេះបើកចំហរមាត់ បោលមករកខ្លួន ព្រះក្រឹស្នៈបានប្រើកណ្តាប់ដៃ វាយទម្លុះចូលទៅក្នុងមាត់សេះ រហូតដល់បំពង់ក ស្ទះដង្ហើម រួចក៏ដួលប្រកាច់ងាប់បាត់ទៅ ។

ព្រះក្រឹស្នៈ ប្រយុទ្ធនឹងយក្សកិស៊ិ (ប្រាសាទបន្ទាយសម្រែ)

ក្រឹស្នៈប្រយុទ្ធជាមួយយក្សកិស៊ិ (ប្រាសាទអង្គរវត្ត)

ចម្លាក់វគ្គខ្លីនេះ គេតែងឃើញមានឆ្លាក់នៅតាមជើងសសរពេជ្រ ឬនៅតាមកន្លុកកន្លៀតនានា ដូចជានៅប្រាសាទបាគង ប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយសម្រែ ប្រាសាទបាពួន។ល។​ 

ប្រភព ៖ សៀវភៅមគ្គុទេសក៍អាណាចក្រអង្គរ

Comments

Popular posts from this blog

អវតារទាំង១០របស់ព្រះវិស្ណុ ឬព្រះនារាយណ៍

រឿងនិទានសម័យអង្គរ ដែលបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន

តើនារីអប្សរាមានឈ្មោះដែរឬទេ?