ព្រះនាងទុគ៌ាសម្លាប់យក្សក្របី មហិង្សាសុរា

ក្រៅពីក្បាច់ក្បូរលម្អប្រាសាទដូចជាក្បាច់ផ្កាភ្ញី ផ្កាភ្លើង ។ល។​ ទេវកថាក៏ចូលរួមយ៉ាងសំខាន់ដល់សោភ័ណភាពនៃប្រាសាទ និងដោយហេតុថា ប្រាសាទទាំងនោះតំណាងឲ្យស្ថានអាទិទេព ទើបស្ថាបត្យករ ក៏ដូចជាសីល្បករជាងចម្លាក់បានយកសាច់រឿងទេវកថាទាំងនោះមកឆ្លាក់ពាសពេញប្រាសាទ។ រឿងដែលឆ្លាក់ច្រើនជាងគេ គឺរឿងទេវកថា សង្គ្រាមអាទិទេពនិងអសុរា រឿងមហាភាតរយុទ្ធ និងរឿងរាមាយាណ ឬរឿងរាមកេរ្តិ៍ ។ ក្នុងអត្ថបទនេះ​ខ្ញុំលើកយក រឿងសង្គ្រាមរវាងទេពនិងអសុរ មកបកស្រាយ ព្រោះចម្លាក់នៃរឿងនេះ​មានឆ្លាក់នៅជាច្រើនប្រាសាទ ក្នុងនោះ នៅប្រាសាទបន្ទាយស្រីគឺមានឆ្លាក់នៅលើផ្តែរយ៉ាងធំស្អាតជាងប្រាសាទដទៃ ដែលឆ្លាក់នៅសសរពេជ្រ ឬសសរផ្អោបប៉ុណ្ណោះ។

យោងតាមសាច់រឿងទេវកថាមួយតំណាលថា កាលពីយូរលង់ណាស់មកហើយ មានចម្បាំងដ៏កាចសាហាវរវាងពួកអសុរនិងពួកអាទិទេព នៅក្នុងចម្បាំងនោះ កូនប្រុសរបស់អសុរបានស្លាប់ទាំងអស់។ ដោយខ្វល់ខ្វាយនឹងសេចក្តីវិនាសនេះ​ ស្តេចយក្សក៏អោយកូនស្រីរបស់ខ្លួនទៅធ្វើសមាធិដើម្បីសំពរពីព្រះព្រហ្ម។ កូនស្រីរបស់យក្សនោះក៏បានប្រែក្រឡាខ្លួនទៅជាសត្វក្របី ហើយអង្គុយនៅចន្លោះភ្នក់ភ្លើងទាំង៥។ ការប្រតិបត្តិដ៏អស្ចារ្យនេះ បានធ្វើអោយរំជើបរំជួលដល់ស្ថានទាំងបី ជាពិសេសពួកអាទិទេពនិងព្រះឥន្ទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង។ ព្រះព្រហ្មក៏មានការរំជួលចិត្តហើយក៏បាននិយាយទៅកាន់នាងថា អ្នកឯងធ្វើបានល្អឥតខ្ចោះ យើងពេញចិត្តណាស់ យើងនឹងអោយពរនាងមានកូនប្រុសមា្នក់ដែលមានក្បាលជាក្របីខ្លួនជាមនុស្ស និងក្លាយជាវីរបុរសកាន់កាប់ស្ថានសួគ៌លើព្រះឥន្ទ្រនិងរេហ៍ពល ។​

នាងទុគ៌ាជិះលើតោ បង្ក្រាបយក្សក្របី មហិង្សាសុរា (បន្ទាយស្រី )

ពោលចប់ព្រះព្រហ្មក៏រលាយបាត់ទៅ លុះក្រោយមកកូនក្របីឈ្មោះមហិង្សាសុរា ក៏ចាប់កំណើតឡើង ហើយរីកធំធាត់ប្រកបដោយអំណាចដូចជាទឹកសមុទ្រជោរនៅពេលរាត្រី។ មិនយូរប៉ុន្មាន ក្របីមហឹង្សាសុរា រួមជាមួយនឹងរេហ៍ពលបានធ្វើការវាយប្រហារទីក្រុង អមរាវតី របស់ពួកអាទិទេព។ សង្គ្រាមនេះបានផ្ទុះឡើងម្តងទៀត អស់រយៈពេល១០០ឆ្នាំ ពួកអាទិទេពចាញ់ បានរត់ទៅជ្រកកោននៅស្ថានព្រះព្រហ្ម ហើយក្រោយមកក៏រត់ទៅជ្រកនៅទីស្ថានរបស់ព្រះនារាយណ៍



ក្រោយពីបានស្តាប់ការរៀបរាប់របស់ព្រះព្រហ្ម ព្រះនារាយណ៍និងព្រះឥសូរ​ មានកំហឹងយ៉ាងខ្លាំង ដោយផ្ទៃមុខក្លាយទៅជាអាក្រក់ដែលមិនអាចមានអ្នកណាមើលបានឡើយ ។ ព្រះឱស្ឋ(មាត់) របស់ព្រះនារាយណ៍ជះភ្លើងចេញជាមួយនឹងមហិទ្ធិឬទ្ធិដ៏អស្ចារ្យ   ដូចគ្នានឹងព្រះឥសូរដែរក៏មានចេញភ្លើងពីព្រះកាយ ឯព្រះឥទ្រ្ទព្រមទាំងថាមពលពីអាទិទេពផ្សេងៗ បានបញ្ចូលគ្នាជាថាមពលរួមមួយបង្កើតបានជាស្ត្រីមា្នក់ មានព្រះសិរកើតចេញពីព្រះឥសូរ ដៃទាំងពីរកើតពីព្រះនារាយណ៍ ជើងពីរកើតចេញពីព្រះព្រហ្ម ចង្កេះកើតចេញពីព្រះឥទ្រ្ទ ព្រះកេសាកើតចេញពីព្រះយមរាជ សុដន់ទាំងពីរកើតចេញពីព្រះចន្ទ ភ្លៅទាំងពីរកើតចេញពីព្រះភិរុណ ត្រគាកកើតចេញពីព្រះធរណី ម្រាមជើងកើតចេញពីព្រះអាទិត្យ ម្រាមដៃកើតចេញពីព្រះពាយ ច្រមុះនិងមាត់កើតចេញពីព្រះ កុបេរ ធ្មេញកើតចេញពីទេពទាំង៩ផ្សេងទៀត។



ការទទួលឋាពលដ៏ខ្លាំងខ្លាពីអវយវផ្សេងៗរបស់អាទិទេពនេះ បានបង្កើតឡើងជានាងទុគ៌ាដែលមានមហិទ្ធិឬទ្ធិអស្ចារ្យ  លើសពពួកអាទិទេព និងអសុរទាំងឡាយ ។ លើសពីនេះទៀត​ ព្រះនារាយណ៍បានប្រទានអាវុធចំនួន៥ ព្រះឥសូរប្រទានអំណាចអមតទាំង១០ ព្រះព្រហ្មប្រទានអាវុធ៤ ភ្នំនិងពពកទាំងឡាយបានផ្តល់នូវគ្រឿងតុបតែងនិងអាវុធយុទ្ធសិល្ប៍ផ្សេងៗទៀត។​ នាងទុគ៌ាត្រូវបានបំពេញដោយដៃកាន់អាវុធ និងអាវក្រោះ យ៉ាងចែងចាំង ឡើងជិះតោយ៉ាងប្រញាប់សំដៅទៅរកស្តេចក្របីមហិង្សាសុរា ។ ឆាកប្រយុទ្ធក៏ចាប់ផ្តើមឡើង រវាងនាងទុគ៌ានិងអសុរក្របីកំណាចនោះ ទីបំផុត​នាងទុគ៌ាបានលោតឡើងជិះលើក្របីអសុរនោះហើយជាន់កក្របីមិនឲ្យរើបំរាស់ រួចដកដាវកាត់ក្បាលក្របីនោះស្លាប់ទៅ។

ឯកសារយោង ៖ មគ្គុទេសក៍អាណាចក្រអង្គរ

Comments

  1. បើថតជារឿងភាគបុរាណប្រាកដជាល្អមើល

    ReplyDelete
  2. ប្រហែលឥណ្ឌាមានរឿងភាគច្រើន​ ព្រោះមានអ្នកកាន់សាសនាព្រហ្មញ្ញច្រើន និងពេញនិយមនៅឡើយ

    ReplyDelete

Post a Comment

Popular posts from this blog

អវតារទាំង១០របស់ព្រះវិស្ណុ ឬព្រះនារាយណ៍

រឿងនិទានសម័យអង្គរ ដែលបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន

តើនារីអប្សរាមានឈ្មោះដែរឬទេ?