នរសឹង្ហ សម្លាប់ស្តេចយក្សហិរណ្យក្សៈសិបុ

អវតារទី៤របស់ព្រះវិស្ណុ នរសឹង្ហ សម្លាប់យក្ស ហិរណ្យក្សៈសិបុ Hiranyakashipu

រឿងនេះដំណាលថា កាលពីព្រេងនាយមានស្តេចយក្សមួយអង្គឈ្មោះហិរណ្យក្សៈសិបុ ប្រកបដោយឬទ្ធិអំណាចអស្ចារ្យ​​  ដោយបានទទួលពរពីព្រះព្រហ្មបួនប្រការ ៖ 
  1. ​​ មិនមានមនុស្ស​ សត្វ ឬ អាទិទេពណាមួយអាចសម្លាប់បានឡើយ ។​
  2. អាវុធគ្រប់ប្រភេទមិនអាចសម្លាប់បានឡើយ ។
  3. មិនអាចស្លាប់ទោះនៅពេលព្រឹក ថ្ងៃ និងយប់ ។
  4. មិនអាចស្លាប់ទោះនៅក្នុង ឬនៅក្រៅរាជដំណាក់ និងលើដីឬលើអាកាស ។
ក្រោយពីបានទទួលពរនោះភ្លាម ស្តេចយក្ស ហិរណ្យក្សៈសិបុ បានចេញបញ្ជាអោយឲ្យប្រជារាស្ត្រនៅទូទាំងនគរបញ្ឈប់នូវការគោរពដល់ព្រះវិស្ណុ មិនត្រឹមតែប៉ុណ្ណោះ ស្តេចយក្សនេះ តែងប្រើប្រាស់អំណាចរបស់ខ្លួនធ្វើទុក្ខទោសចំពោះមនុស្សសត្វពពួកព្រាហ្មទាំងឡាយ និងពពួកអាទិទេពណាដែលគោរពដល់ព្រះវិស្ណុឲ្យបាក់បបខ្លបខ្លាចហើយពួកគេទាំងនោះត្រូវតែបែរមកគោរពខ្លួនជាស្តេចនៃអាទិទេព បើមានម្នាក់ណាជំទាស់ នឹងត្រូវសម្លាប់ចោល ។​ ដូច្នេះទាំងនៅស្ថានមនុស្សនិងស្ថានទេវលោក​ កើតនូវកោលាហល ជ្រួលច្របល់គ្រប់ទិសទី ។ ដោយមិនអាចទ្រាំទ្រនឹងទង្វើគ្មានមេត្តាធម៌របស់ស្តេចយក្សតទៅទៀត ពពួកអាទិទេពបាននាំគ្នាទៅសុំសេចក្តីអន្តរាគមន៍ពីអង្គព្រះវិស្ណុ។ ស្តេចយក្សនេះមានបុត្រមួយអង្គ ព្រះនាម ប្រាដាដ ។​ កូនប្រុសនេះជាអ្នកគោរពបូជាយ៉ាងខ្ជាប់ខ្ជួនដល់ព្រះនារាយណ៍ (ព្រះវិស្ណុ ) តាំងតែពីនៅក្នុងផ្ទៃម្តាយមកម្លេះ ។ 
មានតែកូនរបស់ខ្លួនប៉ុណ្ណោះ ដែលមិនគោរពខ្លបខ្លាចបារមីរបស់ស្តេចយក្សនេះ ហើយបែរជាគោរពបូជានិងតែងតែនិយាយពីឈ្មោះអង្គព្រះនារាយណ៍គ្រប់ពេលវេលាជាមួយគេគ្រប់គ្នា រួមទាំងនៅពីមុខឪពុករបស់ខ្លួនផងដែរ ។ ឃើញសភាពរបស់កូនបែបនេះ ស្តេចយក្សនេះតែងតែស្វែងរកគ្រប់មធ្យោបាយ ដើម្បីបញ្ចុះបញ្ចូលកូនអោយងាកមកគោរពនិងកោតខ្លាចអំណាចរបស់ខ្លួន ប៉ុន្តេនៅទីបញ្ចប់ ដោយព្យាយាមបញ្ចុះបញ្ចូលកូនមិនបានសម្រេច​ ស្តេចយក្សក៏បញ្ជាអោយគេនាំកូនប្រុសរបស់ខ្លួនយកទៅសម្លាប់អស់ជាច្រើនលើកច្រើនសារ​ ប៉ុន្តែមិនបានសម្រេចតាមបំណងសោះ ។ ដោយទាល់តម្រិះក្នុងការបញ្ចុះបញ្ចូលកូនឲ្យធ្វើតាមខ្លួន ទើបឪពុកសួរកូនប្រុសទាំងខឹងសម្បាថា ‌៖ បើព្រះនារាយណ៍មានពិតមែន គឺព្រះរបស់ឯងនឹងអាចស្ថិតនៅគ្រប់ទីកន្លែងជាមិនខាន តើមាននៅឯណាខ្លះ? កូនឆ្លើយថា ៖ គឺមាននៅគ្រប់ទីកន្លែង​សូម្បីក្នុងរាជរាំង និងនៅគ្រប់សសរ ។ គ្រាន់តែឮដូច្នេះ ឪពុកខឹងខ្លាំងណាស់ ហើយបានប្រើកម្លាំងដ៏ខ្លាំងមហិមាវាយទាត់ធាក់សសរទាំងនោះ។ ភ្លាមៗនោះក៏ឮសំលេងគ្រហឹមរបស់សត្វតោ ហើយសត្វតោនោះក៏លោតចេញពីខាងក្នុងសសរនោះ ជាទម្រង់ខ្លួនមនុស្ស ក្បាលជាតោ ឈ្មោះ នរសឹង្ហ (មិនមែនជាអាទិទេព មិនមែនជាមនុស្ស​ហើយក៏មិនមែនជាសត្វ) ដែលជាអវតារទី៤របស់ព្រះវិស្ណុ ។ 


នរសឹង្ហ ចាប់ហែកទ្រូងស្តេចយក្សហិរណ្យក្សៈសិបុ
ពេលនោះឈុតឆាកប្រយុទ្ធគ្នាយ៉ាងសាហាវរវាង នរសឹង្ហ និង​យក្ស ហិរណ្យក្សៈសិបុ ។ ដោយបានជ្រាបអំពីពរទាំងឡាយដែលព្រះព្រហ្មផ្តល់អោយដល់ស្តេចយក្សផងនោះ នរសឹង្ហបានព្យាយាមពន្យារពេលរហូតដល់ពេលរសៀល។ នៅពេលការប្រយុទ្ធគ្នានោះឈានដល់ចន្លោះពេលរសៀល និងពេលយប់ (មិនមែនព្រឹក ថ្ងៃនិងយប់ ) នរសឹង្ហបានចាប់អូសស្តេចយក្សនោះមកចំក្រោមខ្លោងទ្វាររាជវាំង (មិនមែននៅក្នុង ឬខាងក្រៅរាជវាំង ) ហើយលើកអង្គកាយស្តេច យក្សនោះបោកនឹងជង្គង់ រួចចាប់ហែកនឹងក្រញាំតោ (មិនមែនអាវុធ តែជាក្រញាំ) សម្លាប់ស្តេចយក្សនោះឲ្យស្លាប់បាត់បង់សង្ខារនាពេលនោះទៅ (ការស្លាប់គឺមិនមែននៅលើដី នៅលើអាកាស ប៉ុន្តែគឺនៅលើជង្គង់ ) ។ 

Comments

Popular posts from this blog

អវតារទាំង១០របស់ព្រះវិស្ណុ ឬព្រះនារាយណ៍

រឿងនិទានសម័យអង្គរ ដែលបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន

តើនារីអប្សរាមានឈ្មោះដែរឬទេ?