ភិមចាប់ហែកស្តេច ចរស្វត
រឿងភិមចាប់ហែកស្តេច ចរស្វត ក្នុងរឿងមហាភារតយុទ្ធ
រឿងនេះដំណាលថា ដើម្បីរៀបចំអភិសេក យុធិស្ឋិ (បងប្រុស របស់បណ្ឌពទាំង៥) ជាស្តេចនៃចក្រវាលបាន ចាំបាច់ត្រូវតែមានការគាំទ្រពីស្តេចគ្រប់នគរ ដូច្នេះបងប្អូនបាណ្ឌពទាំង៥ ដោយមានព្រះក្រឹស្ណៈជួយជ្រោមជ្រែងផងនោះបានពិភាក្សាគ្នាដើម្បីស្វែងរកការគាំទ្រពីគ្រប់នគរ ប៉ុន្តែមាននគរមួយដែលដឹកនាំដោយស្តេច ចរស្វត មិនព្រមចុះចូលជាមួយនគរណាមួយឡើយ ។ ថ្ងៃមួយ ក្រឹស្ណៈ អរជុន និងភិម បានធ្វើដំណើរមកកាន់នគររបស់ស្តេច ចរស្វត ហើយសុំឲ្យទទួលស្គាល់នូវអំណាចរបស់ក្រុមបាណ្ឌពទាំង៥ ប៉ុន្តែត្រូវបាន ចរស្វត បដិសេធ។ ស្តេចនោះមានកំណើតពីផ្លែប៉ោមពីរចំហៀងផ្គុំចូលគ្នាបង្កើតជាអង្គកាយតែមួយ ហើយមានអំណាចអស្ចារ្យណាស់។ ស្តេចអង្គនោះបានចាប់ក្សត្រ៩៩អង្គដាក់ក្នុងគុកក្រោមដី ដើម្បីបូជាយញ្ញធ្វើឲ្យខ្លួនមានអំណាចអមតៈ ។
ដោយមិនអាចបញ្ចុះបញ្ចូលបាន និងដោយអាងឬទ្ធិអំណាចរៀងៗខ្លួន ស្តេចចរស្វតបានសម្រេចជ្រើសរើសយកភិម ជាដៃគូប្រយុទ្ធស្លាប់រស់ មួយទល់នឹងមួយ ។ ភិមនិងស្តេច ចរស្វត បានប្រយុទ្ធគ្នាអស់រយៈពេលយ៉ាងយូរ នៅតែមិនអាចសម្លាប់ស្តេច ចរស្វត បានទោះបីជាភិមខំប្រឹងចាប់បោកចាប់ហែកស្តេចនោះ ជាពីរបីកំណាត់ហើយគ្រវែងចោលចេញពីគ្នាយ៉ាងណាក៏ដោយ ក៏បំណែកនៃរាងកាយនោះ រត់មកផ្គុំគ្នាវិញ ក្លាយជារាងកាយមួយដូចដើម។
មិនបង្អង់យូរតទៅទៀត ព្រះក្រឹស្ណៈបានធ្វើសញ្ញាដោយបេះយកទងស្មៅហែកជាពីរហើយគ្រវែងចោលបញ្ច្រាសគ្នា ដើម្បីបង្ហាញឲ្យភិមឃើញ បន្ទាប់ពីបានឃើញកាយវិការរបស់ព្រះក្រឹស្ណៈ ភិមយល់សេចក្តី ក៏បានចាប់ហែកស្តេចចរស្វតកំណាចនោះជាពីរចំណែកហើយគ្រវែងចោលទៅទិសបញ្រ្ចាសគ្នា ទីបំផុតស្តេចកំណាចនោះក៏ក្សិណក្ស័យសង្ខារបាត់ទៅ ។
Comments
Post a Comment