ឆាកប្រយុទ្ធរវាងទុរយោធន៍ និង​​ ភីម


ឆាកប្រយុទ្ធរវាង ទុរយោធន៍ និង ភីម

ភីម បានធ្វើពាក្យសម្បថឲ្យនាង ទ្រៅបទី ថា គេនឹងសម្លាប់ ទុរយោធន៍ ឲ្យខាងតែបាន ពីព្រោះថា ទុរយោធន៍ បានបញ្ជាឲ្យប្អូនរបស់ខ្លួន គឺ ទុហសាសន ចាប់សម្រាតនាង ទ្រៅបទី នៅកណ្តាលទីជំនុំមន្ត្រី ដោយសារតែបងប្រុសរបស់ ភីម គឺ យុធិស្ធិរ បានយកនាង ទ្រៅបទី ទៅភ្នាល់ក្នុងល្បែងបាស្កា ជាមួយទុរយោធន៍ ។



នៅថ្ងៃចុងក្រោយនៃមហាភារតយុទ្ធ ដោយមេទ័ពខាងកុរុវ ត្រូវបានគេចាប់ខ្លួនអស់ ទុរយោធន៍ ក៏បានលួចរត់ ទៅពួនលាក់ខ្លួននៅក្នុងបាតស្រះមួយ ពួកបណ្ឌវដឹងក៏មកអញ្ជើញ ទុរយោធន៍
ឡើងមកច្បាំងតទល់មួយនឹងមួយ ភីម បានស្នើសូមប្រយុទ្ធដោយដំបងជាមួយនឹង ទុរយោធន៍ ។ ភីម បានវាយបំបាក់ភ្លៅ (ជង្គង់) របស់ទុរយោធន៍ ដែលខុសទៅនឹងច្បាប់នៃការប្រយុទ្ធ គឺមិនត្រូវវាយប្រហារចាប់ពីចង្កេះចុះក្រោមនោះទេ ហេតុនេះហើយដើម្បីពិន័យទៅនឹងអំពើល្មើសរបស់ ភីម ពលរាម ដែលត្រូវជាបងប្រុសរបស់ ព្រះក្រឹស្ណៈ និងជាអាជ្ញាកណ្តាលនៃការចម្បាំងនោះ បានលើកនង្គ័លរបស់ព្រះអង្គបម្រុងនឹងវាយប្រហារទៅលើ ភីម តែត្រូវបានព្រះក្រឹស្ណៈឃាត់ទាន់ ក្រឹស្ណៈ ពន្យល់ប្រាប់ ពលរាម ថា ភីម ធ្វើនេះគឺត្រឹមត្រូវហើយ គឺគេធ្វើដើម្បីបំពេញនូវពាក្យសម្បថរបស់គេ ហើយ ភីម មិនអាចសម្លាប់ ទុរយោធន៍ ដោយវាយលើកន្លែងផ្សេងនោះទេ ព្រោះថាខ្លួនរបស់ ទុរយោធន៍ គ្របដោយពេជ្រ មានតែភ្លៅនេះទេដែលមិនមានគ្របដោយពេជ្រនោះ ។




មូលហេតុដែលដងខ្លួនរបស់ ទុរយោធន៍ត្រូវគ្របដោយពេជ្រមិនអាចវាយប្រហារបាននេះ ក៏ព្រោះតែមុនពេលដែល ទុរយោធន៍ ចេញមកប្រយុទ្ធក្នុងសង្គ្រាមនេះ ព្រះមាតារបស់ ទុរយោធន៍ គឺនាងគន្ធារី បានហៅ ទុរយោធន៍ឲ្យទៅជួប ដោយតម្រូវឲ្យ ទុរយោធន៍ដោះសម្លៀកបំពាក់ទាំងអស់ ដើម្បីចូលទៅជួបព្រះនាង ដូចជាទារកទើបនឹងកើត ព្រោះថាតាំងតែពី ទុរយោធន៍ កើតមក ព្រះនាងមិនដែលបានឃើញមុខកូនម្តងណាទេ ព្រោះថាព្រះនាងគន្ធារី បានពាក់ក្រណាត់បិទភ្នែក ដើម្បីឲ្យព្រះនាង ពិការភ្នែក ដូចព្រះស្វាមីរបស់ព្រះនាង គឺស្តេចធ្ឬតរាស្ត្រ ។ ដោយដឹងអំពីគោលបំណងរបស់ព្រះនាងគន្ធារី ព្រះក្រឹស្ណៈក៏បានរៀបចំឧបាយកលមួយ ដោយមកប្រាប់ទុរយោធន៍ថាមិនគួរចូលទៅជួបព្រះមាតាទាំងខ្លួនអាក្រាតនោះទេ គួរតែយកស្លឹកចេកមកទ្រាប់បិទបាំងកេរ្តិ៍ខ្មាស់ឲ្យបានដល់ត្រឹមភ្លៅ ទុរយោធន៍ក៏ធ្វើតាម ហើយនៅពេលដែលព្រះនាងគន្ធារី បកក្រណាត់បាំងព្រះនេត្រចេញ ដើម្បីក្រឡេកមើលទៅបុត្ររបស់ព្រះនាង ដងខ្លួនរបស់ទុរយោធន៍ក៏បានស្រោបដោយពេជ្រ លើកលែងតែត្រង់ភ្លៅ ព្រោះថាវាត្រូវបានបិទបាំងដោយស្លឹកចេក ។ ដងខ្លួនស្រោបពេជ្ររបស់ទុរយោធន៍ គឺជាពរដែលព្រះនាងគន្ធារីផ្តល់ដល់ព្រះរាជបុត្រមុននឹងចេញទៅច្បាំងក្នុងមហាសង្គ្រាមរវាងបងប្អូនឯង គឺមហាភារតយុទ្ធ ។

Comments

Popular posts from this blog

អវតារទាំង១០របស់ព្រះវិស្ណុ ឬព្រះនារាយណ៍

រឿងនិទានសម័យអង្គរ ដែលបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន

តើនារីអប្សរាមានឈ្មោះដែរឬទេ?