BANTEAY SREY

ទីតាំងភូមិសាស្ត្រ

ប្រាសាទបន្ទាយស្រី ស្ថិតក្នុងស្រុកបន្ទាយស្រី  ចម្ងាយប្រមាណ៣០គីឡូម៉ែត្រភាគឥសាន នៃទីរួមខេត្តសៀមរាប ។

ប្រវត្តិប្រាសាទបន្ទាយស្រី

យោងតាមសិលាចារឹកបានឲ្យដឹងថា ប្រាសាទបន្ទាយស្រី កសាងឡើងនាសតវត្សទី១០ ក្នុងអំឡុងឆ្នាំ ៩៦៧ នៃគ្រឹស្តសករាជ ជាប្រាសាទព្រហ្មញ្ញសាសនា កសាងដោយព្រះរាជគ្រូ ព្រះនាម យជ្ញវរហ និងប្អូនប្រុស ឈ្មោះ វិស្ណុកុមារ ជាអ្នកជួយការងារបន្ថែម។ ព្រះរាជគ្រូ យជ្ញរវហ​​  ជាទីប្រឹក្សាជាន់ខ្ពស់របស់ព្រះមហាក្សត្រព្រះបាទ រាជេន្ទ្រវម៌្មទី២ (៩៤៤ -៩៦៨) បន្ទាប់មកក៏ក្លាយជាព្រះរាជគ្រូរបស់ព្រះបាទ ជ័យវម៌្មទី៥ (៩៦៨ -១០០១ ) ដែលត្រូវជាព្រះរាជបុត្ររបស់អតីតព្រះមហាក្សត្រព្រះបាទ​ រាជេន្ទ្រវម៌្មទី២ ។ 
តាមសិលាចារឹកនោះបានឲ្យដឹងថា ឈ្មោះពិតរបស់ប្រាសាទគឺ ត្រីភុវនមហេស្វរៈ  ត្រី មានន័យថា “ បី ” ភុវន មានន័យថា“ ភូមិស្ថាន” ចំណែកឯពាក្យ មហេស្វរៈ មានន័យថា “ព្រះឥសូរក្នុងទម្រង់សិវលឹង្គ” ។ ដូចនេះ ប្រាសាទត្រីភុវនមហេស្វរៈ មានន័យថា “ជាប្រាសាទដែលមានមហេស្វរៈ គ្រប់គ្រងស្ថានទាំងបី ដែលទីសក្ការឧទ្ទិសថ្វាយព្រះឥសូរ ។” 
ត្រីភុវនមហេស្វរ  ត្រូវបានអ្នកស្រុកហៅនាសម័យក្រោយថា ប្រាសាទ បន្ទាយស្រី ដោយសំអាងលើចម្លាក់ទេពអប្សរនៅតាមជញ្ជាំងនៃប្រាង្គប្រាសាទទាំងបី នេះ ដែលមានសម្រស់ស្រស់ស្អាតដូចស្រីសួគ៌ាពិតៗ ។  ប្រាសាទបន្ទាយស្រី  ចេញមកពីការផ្គុំពាក្យចំនួនបី “ប្រាសាទ បន្ទាយ និង​ពាក្យ ស្រី ”  ដែលក្នុងនោះ ពាក្យថា ប្រាសាទ មានន័ថា “វិហារសម្រាប់អាទិទេពគង់នៅ” បន្ទាយ មានន័យថា “ទីកន្លែងសម្រាប់ប្រជាជនរស់នៅ” (បច្ចុប្បន្ននេះ គេសម្គាល់ថាជាមូលដ្ឋានកងទ័ពទៅវិញ) និង ស្រី ឬ ស្រ៊ី មានន័យថា “សិរីសួស្តី ឬ សោភណ្ឌភាព ” ។ ដូចនេះបន្ទាយស្រី មានន័យថា “ជាទីកន្លែងដែលប្រជាជនរស់នៅគោរពដល់ព្រះអាទិទេព ដើម្បីទទួលបាននូវសិរីសួស្តី ។ ”

មុខងាររបស់ប្រាសាទ


ប្រាសាទបន្ទាយស្រី  ជាប្រាសាទឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា  មានមុខងារជា មជ្ឈមណ្ឌលសិល្បៈ វប្បធម៌​ ទីព្យាបាលជំងឺ និង​អប់រំ ។​ នៅជុំវិញប្រាសាទមានភូមិតូចធំជាច្រើន ចំណែកនៅខាងក្នុងបរិវេណរបស់ប្រាសាទមានអ្នកថែរក្សាប្រាសាទ មានសត្វពាហនៈបក្សាបក្សី និងសួនច្បារផ្កាច្រើនប្រភេទ ។

ខ្លោងទ្វារទី៣ 
ប្រាសាទនេះត្រូវបានគ្រប់គ្រងដោយផ្ទាល់ពីសំណាក់ព្រះរាជគ្រូ យជ្ញវរហ ដែលមានចំណេះដឹងយ៉ាងជ្រៅជ្រះខាងគម្ពីរសាសនាបុរាណ វិទ្យាសាសត្រ្តបុរាណ ទស្សនវិជ្ជា និង អភិសមាចារ (ការប្រព្រឹត្រទៅដោយមាយាទល្អ ) និងហោរាសាស្ត្រ ។ ថ្វីត្បិតតែគាត់ជាអ្នកជឿស៊ុបលើព្រហ្មញ្ញសាសនា គាត់ក៏មានការយល់ដឹងយ៉ាងខ្ពង់ខ្ពស់ចំពោះទស្សនវិជ្ជាបែបពុទ្ធិសាសនា ផងដែរ។  គាត់បានបង្រៀនដល់ព្រះរាជគ្រូជាច្រើននៅក្នុងប្រាសាទនេះ​ ហើយគាត់ចេះភាសាសម័យបុរាណជាច្រើនភាសា ក្រៅពីនោះ គាត់មានជំនាញខាងរបាំនិងភ្លេងផងដែរ។
យោងតាមសិលាចារឹករបស់ប្រាសាទនេះបានបញ្ជាក់បន្ថែម ទៀតថា រៀងរាល់ខែនៅថ្ងៃបុណ្យសំខាន់ៗ ព្រះរាជគ្រូ យជ្ញវរហ តែងតែផ្តល់ជំនួយមនុស្សធម៌ជូនដល់ពពួកព្រាហ្មទាំងឡាយដូចជា មាស ប្រាក់ សម្លៀកបំពាក់ និង សត្វគោជាច្រើន។ គាត់មានគ្រែស្នែងធ្វើអំពីមាសនិងមានជក់បក់មួយដែល ប្រទានដោយព្រះមហាក្សត្រដើម្បីបញ្ជាក់ពីមុខងារ និង​កិត្តិយសរបស់គាត់ ។ លើសពីនេះទៅទៀត គាត់បានផ្តល់ជំនួយជាថ្នាំព្យាបាលរោគដល់ពួកអ្នកជំងឺទាំងឡាយ និងអប់រំដល់អ្នកមានទុក្ខទោស ទៀតផង។ មានក្មេងកំព្រា ជនពិការភ្នែក ជនចាស់ជរា និងក្រីក្រតែងតែមកផ្ទះរបស់គាត់ ដើម្បីសុំជំនួយពីគាត់ ។ គាត់បានកសាងអាស្រមនិងជីកអាងទឹកជាច្រើនកន្លែងនៅក្នុងបរិវេណប្រាសាទនេះផងដែរ ។

ការរកឃើញ និងការជួសជុល 

បន្ទាប់ពីតំបន់អង្គរទាំងមូល ត្រូវបានបោះបង់ចោលអស់រាប់សតវត្សមក​ ចាប់តាំងពីសតវត្សទី១៥មក ប្រាសាទទាំងឡាយត្រូវរួមទាំងប្រាសាទ ត្រីភុវនមហេស្វរ ផង ត្រូវបានលិចកប់នៅក្នុងព្រៃអស់មួយរយៈ លុះក្រោយមកប្រាសាទបន្ទាយស្រី ត្រូវបានរកឃើញវិញនៅខែមករា ឆ្នាំ១៩១៤ ដោយលោក Captian Marec ជាមន្ត្រីជនជាតិបារាំង ។ នៅពេលរកឃើញនោះ ប្រាសាទនេះ ស្ថិតនៅក្នុងព្រៃជ្រៅរុំព័ទ្ធដោយវល្លិនិងរុក្ខជាតិតូចធំចម្រុះគ្នា ចំណែកតួប្រាសាទវិញ បានបាក់ធ្លាក់កប់ក្នុងដី កប់ក្នុងដំបូក ក្លាយទៅជាពំនូកថ្មនិងដី។ល។​ រហូតដល់ឆ្នាំ១៩២៤ ទើបត្រូវបានធ្វើការសម្អាត កាប់ឆ្ការព្រៃ រំដោះចេញពីការឡោមព័ទ្ធរបស់រុក្ខជាតិតូចធំវិញ ។
ប្រាសាទបន្ទាយស្រី មើលពីចំងាយ
នៅក្នុងឆ្នាំ១៩៣១ ប្រាសាទនេះត្រូវបានចាប់ផ្តើមជួសជុល ក្រោមការដឹកនាំដោយអ្នកអភិរក្ស ជនជាតិបារាំងឈ្មោះ Henry Marchal ។ ការជួសជុលនេះ បានប្រើប្រាស់បច្ចេកទេស Anastylosis ដែលបានប្រើក្នុងការជួសជុលប្រាសាទ Borobudur ក្នុងប្រទេសឥណ្ឌូណេស៊ី ដោយបានប្រមូលថ្មបាក់បែកទាំងនោះប្រើប្រាស់ឡើងវិញ គួបផ្សុំនឹងការប្រើប្រាស់ចំរឹងដែក និងបេតុង ។ ការជួសជុលនោះចំណាយពេលអស់៦ឆ្នាំ ពោលគឺពីឆ្នាំ ១៩៣១ ដល់​១៩៣៦ ។ 
ប្រាសាទបន្ទាយស្រី ធ្លាប់ត្រូវបានគេកាប់គាស់លួចយកបំណែកនៃដុំថ្មខ្លះ ជាក់ស្តែងលោក​ អង់ដ្រេ ម៉ាល់រ៉ុក​ Andre Malraux (1901-1976 ) ជាអ្នកនិពន្ធជនជាតិបារាំង ហើយគាត់ក៏ជាអ្នកចូលចិត្តនូវវត្ថុសិល្បៈផងនោះ បានមកដល់តំបន់អង្គរនៅឆ្នាំ១៩២៣ បន្ទាប់មកគាត់បានធ្វើដំណើរទៅប្រាសាទបន្ទាយស្រី ជាមួយមិត្តភក្តិរបស់គាត់បីនាក់ផ្សេងទៀត។ ពួកគេបានលួចយកផ្ទាំងថ្មជាច្រើនផ្ទាំងដែលមានរូបចម្លាក់ទេពអប្សរពីប្រាសាទនេះ ហើយបានដឹកជញ្ជូនដល់ក្រុងភ្នំពេញ ពួកគេត្រូវបានឃាត់ខ្លួននិងរឹបអូសយកបានរូបចម្លាក់ទាំងនោះមកវិញ ។ ទោះបីរងការចោទប្រកាន់ពីបទជួញដូរវត្ថុបុរាណក្តី ពួកគេមិនត្រូវបានឃុំខ្លួនក្នុងពន្ធនាគារឡើយ។ 

ប្លង់ប្រាសាទ និងសាច់រឿងទេវកថានៃចម្លាក់

 ប្រាសាទបន្ទាយស្រី​ បែរមុខទៅទិសខាងកើត ប្ មានទំហំតូចល្មម​ សង់ពីថ្មភក់ពណ៌ស៊ីជម្ពូ និងពណ៌ផ្កាឈូក​ ដែលជាថ្មភក់ដ៏កម្រ។ ស្ថាបត្យករបានជ្រើសរើសគ្រឿងសំណង់បួនប្រភេទផ្សេងគ្នា ដើម្បីសាងសង់ មានដូចជា ថ្មភក់ ថ្មបាយក្រៀម​ ឥដ្ឋដុត ដែលមានពណ៌ស៊ីគ្នា​ និងបានប្រើប្រាស់ឈើដើម្បីធ្វើជាដំបូលប្រក់ក្បឿង។ ថ្មភក់ពណ៌ផ្កាឈូក មានគុណភាពល្អណាស់  ដែលគេជឿថាបានកាត់យកមកពីតំបន់ភ្នំគូលែន ស្ថិតនៅមិនឆ្ងាយពីទីនេះប៉ុន្មានទេ។
ប្រាសាទនេះ មានកំពែងព័ទ្ធជុំវិញ ចំនួន៤ មានគូទឹក១ មានសាលចំនួន១៤ និងមានប្រាង្គចំនួន៣ ។

  • ខ្លោងទ្វារចេញចូល និង កំពែងទី១ (ខ្លោងទ្វារខាងក្រៅ ទិសខាងកើត) 
នៅទីនេះ​មានសេសសល់តែខ្លោងទ្វារធ្វើអំពីថ្មភក់និងថ្មបាយក្រៀម ដែលមានច្រកចេញចូលចំនួនបី គឺទ្វារកណ្តាលមួយធំ និងទ្វារតូចៗពីរទៀតនៅសងខាង។ នៅផ្នែកខាងលើនៃខ្លោងទ្វារកណ្តាលនេះ​ មានស្នាមកាត់ថ្មជាជ្រុងៗ​ សម្រាប់ទ្រដំបូលឈើប្រក់ក្បឿង ។ នៅផ្នែកខាងក្រោមនោះបន្តិច គឺនៅលើច្រកចូលធំនេះ មានហោជាងលម្អដោយបន្ទាត់ធ្នូក្នុងទម្រង់ជារូបសត្វមករ (ម្ករ) បែរមុខចេញពីគ្នា ដោយមានខ្ជាក់ឬក៏លេបសត្វនាគក្បាលបី ។ បន្ទាត់ធ្នូនេះតំណាងឲ្យឥន្ធនូ ជាផ្លូវទៅកាន់ស្ថានសួគ៌ ។
នៅផ្ទៃនៃហោជាងនេះ មានលម្អដោយក្បាច់ផ្ការំយោល កាច់កួចចូលគ្នា ប្រកបដោយភាពរស់រវើក ហើយនៅចំកណ្តាលនៃក្បាច់ផ្កានោះ មានចម្លាក់ព្រះឥន្ទ្រ គង់លើដំរីក្បាលបី ព្វរាវ័ណ ព្រះអង្គជាអាទិទេពនៃភ្លៀងផ្គររន្ទះ ហើយក៏ជាទ្វារបាលនៅទិសខាងកើត​ផងដែរ។ នៅក្រោមក្បាលដំរីនោះ មានរូបកាឡា ឬ រាហ៊ូ ដែលមានមាត់ធំ ធ្មេញនិងចង្កូមខាំពាំក្បាច់ផ្កាភ្ញី ហើយដៃទាំងពីរ កំពុងចាប់កាន់កម្រងផ្កាទាំងនោះ។ 
នៅសងខាងខ្លោងទ្វារនេះ មានលម្អដោយសសរមួយចំនួន សម្រាប់ទ្រហោជាងនិងដំបូល ។ សសរខាងក្រៅ មានរាងបួនជ្រុងទ្រវែង គឺជាសសរធម្មតា ចំណែកឯសសរបួនជ្រុងទ្រវែងមានឆ្លាក់រូបក្បាលគ្រុឌនិងតោ ហៅថាសសរផ្អោប​ រីឯសសររាងមូលទ្រវែងមានចម្លាក់ក្បូរក្បាច់រចនាល្អវិចិត្រនោះ​ គេអោយឈ្មោះថា​សសរពេជ្រ ។​សសរទាំងបីសណ្ឋាននេះ​ជាធាតុផ្សំយ៉ាងសំខាន់ ដើម្បីទ្រហោជាងនិងដំបូលនៃអគារ។ 

  • ច្រកចូលទៅកាន់ប្រាសាទ

ច្រកចូលចន្លោះកំពែងទី១និងទី២ 
បើយើងដើរចូលទៅក្នុងតាមច្រកទ្វារខាងកើត យើងឃើញផ្លូវចូលប្រវែង៦៥ម៉ែត្រនៅចន្លោះកំពែងទី១និងទី២ ក្រាលដោយថ្មបាយក្រៀមអមដោយគោលសីមាថ្ម និងសសរជាច្រើនដែលនៅផ្នែកខាងលើមានលម្អក្បាច់ផ្កាភ្ញី ហើយខាងចុងនៃសសរនោះ យើងឃើញមានថ្មលយចេញក្រៅ គឺត្រូវបានប្រើដើម្បីតភ្ជាប់ជាមួយដំបូលធ្វើអំពីឈើប្រក់ក្បឿង ។
 ផ្លូវនេះតំណាងឲ្យផ្លូវក្នុងលំហអាកាស សម្រាប់តភ្ជាប់ពីស្ថានមនុស្សទៅកាន់ជួរភ្នំឬក៏កំពែងមហាចក្រវាល ។ ​

សាលវែង នៅអមផ្លូវដើរចូល

មានសាលវែងចំនួន៦ នៅសងខាងផ្លូវចូល ក្នុងនោះមានចំនួនបួននៅខាងឆ្វេង និង ពីរទៀតនៅខាងស្តាំ ។ អគារទាំងនោះគឺតំណាងឲ្យវិមានអណ្តែត នៅក្នុងលម្ហអាកាស និងនៅខាងក្រៅចក្រវាល នៃស្ថានទេវលោក។ 
ក្នុងចំណោមសាលវែងទាំងប្រាំមួយ មានសាលវែងពីរ​ ស្ថិតនៅពាក់កណ្តាលនៃផ្លូវចូលគឺសាលវែងខាងជើង និងសាលវែងខាងត្បូងដែលមានជញ្ជាំងធ្វើពីថ្មបាយក្រៀមគ្មានដំបូល(ប្រហែលជាដំបូលឈើប្រក់ក្បឿង) ចំណែកខ្លោងទ្វារធ្វើអំពីថ្មភក់ ។​សាលវែងទាំងពីរនេះ​គឺជាអាស្រមអ្នកបួស ទាំងឡាយដែលប្រើប្រាស់សម្រាប់គោរពបូជាដល់អាទិទេពដោយសូត្រធម៌តាមគម្ពីរសាសនានានា ព្រមទាំងមានការបូជាព្រះភ្លើងថ្វាយព្រះអង្គផង។
នៅជាប់ច្រកចូលសាលនេះ​ មានបង្អួចចំនួនពីរ លម្អដោយចម្រឹងប្រកបដោយចម្លាក់ក្បាច់ ហើយនៅឯបង្អួចទាំងនោះ យើងអាចមើលឃើញពី
របៀបនៃការភ្ជាប់ស៊ុមទ្វារបង្អួចផងដែរ។ 
ហោជាងនៃសាលវែងផ្នែកខាងត្បូង មានលម្អបន្ទាត់ធ្នូរាងជាខ្លួនសត្វមករ ដែលក្បាលមករទាំងសងខាង​កំពុងខ្ជាក់ សត្វនាគក្បាលបី ហើយមានបក្សីគ្រុឌឈរលើនាគនោះ (សត្វម្ករ តំណាងឲ្យទឹកសមុទ្រ សត្វគ្រុឌតំណាងអោយកម្លាំងអមតៈទាំង២១ប្រការ និងសត្វនាគតំណាងឲ្យភាពជាអមត និងអំណាចនៃទឹកភ្លៀង)។
 នៅផ្នែកកណ្តាលនៃហោជាងនេះ​មានចម្លាក់រូបព្រះឥសូរនិងនាងឧមាជិះលើគោនន្ទ ដែលគេហៅថា ឧមាមហេស្វរ ។ 
ចំណែកឯហោជាងនៃសាលវែងផ្នែកខាងជើងវិញ បង្ហាញពីរូបអវតារទី៤របស់ព្រះវិស្ណុ ក្នុងទម្រង់ជា នរសឹង្ហ  ក្បាលតោខ្លួនមនុស្ស ចាប់ហែកស្តេចយក្ស ហិរណ្យក្សសិបុ ( សាច់រឿង ) ។​
បន្តដំណើរទៅកាន់កំពែងទី២ នៅពីមុខខ្លោងទ្វារនៃកំពែងទីពីរ ផ្នែកខាងស្តាំដៃ យើងឃើញហោជាងមួយនៅក្បែរសាលវែងខាងជើង ហោជាងនោះ​ មានរូបយក្សមួយចាប់បីនារីម្នាក់ អបដោយរូបបុរសពីរនាក់នៅសងខាង ។ រូបចម្លាក់នេះ ពណ៌នាអំពី យក្សរីរាជចាប់ឆក់នាងសីតា ក្នុងរឿងរាមយាណ ឬ រឿងរាមកេរ្តិ៍  ។​ ចុចទីនេះ ដើម្បីអានសាច់រឿង !

ខ្លោងទ្វារទី២

ខ្លោងទ្វារទី២នេះ មានចំនួនពីរ គឺខាងកើតនិងខាងលិច សាងអំពីថ្មភក់ពណ៌ផ្កាឈូក កំពែងសាងអំពីថ្មបាយក្រៀម។ ខ្លោងទ្វារខាងកើតនេះ​មាននៅសល់ស៊ុមទ្វារបញ្ឈរ និងបង្អួច នៅលើស៊ុមទ្វារមានសិលាចារឹកចារនៅក្នុងរជ្ជកាលនៃស្តេចចំនួនបីអង្គផ្សេងគ្នា និយាយពីបទបញ្ជាដ៏ជ្រាលជ្រៅ និងការគោរពប្រតិបត្តិសាសនាហិណ្ឌូ របស់អ្នកគ្រប់គ្រងប្រាសាទសម័យនោះ ។
  1. រជ្ជកាល របស់ព្រះបាទ ជ័យវម៌្មទី៥ ( ឆ្នាំ ៩៦៨-១០០១) សិលាចារឹកនេះ បានប្រាប់ឲ្យដឹងថា ព្រះអង្គបានយាងមកទតប្រាសាទនេះបន្ទាប់ពីសាងសង់រួចបាន១ឆ្នាំ។ សិលាចារឹកនេះ បានបញ្ជាក់ថា ប្រាសាទនេះ ត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរព្រះនាម ត្រីភុវនមហេស្វរៈ ។ 
  2. រជ្ជកាល ព្រះបាទ សូរ្យ  វម៌្មទី១ ចារក្នុងឆ្នាំ១០១១ បានប្រាប់អំពីអ្នកថែរក្សានិងការពារទ្រព្យសម្បតិ្តរបស់ប្រាសាទនេះ ដែលបានទទួលដីមួយកន្លែងដើម្បីលើកទឹកចិត្ត ចំពោះស្នាដៃការងារដ៏ល្អរបស់គាត់។
  3. សិលាចារឹករបស់ព្រះបាទ ស្រិុន្ទ្រវម៌្ម ចារនៅក្នុងឆ្នាំ១៣០៤ បាននិយាយអំពីការគោរពបូជា ចំពោះព្រះឥសូរ តាមរយៈការថ្វាយនូវតង្វាយជាសម្ភារៈមួយចំនួន។ 
នៅក្នុងខ្លោងទ្វារដដែលនេះ មានជើងទម្រសិវលឹង្គមួយដែលមានការឆ្លាក់យ៉ាងល្អឥតខ្ចោះ ហើយនៅផ្នែកខាងលើនៃជើងទម្រនេះ យើងឃើញមានសំណឹកភាគខ្លះ គឺបណ្តាលមកពីការសំលៀងកំបិតរបស់អ្នកភូមិ ។ ដើរចេញពីទីនេះទៅ នៅចន្លោះកំពែងទី២ និងទី៣ យើងឃើញមានកសិន្ធុ ឬគូទឹកព័ទ្ធជុំវិញកំពែងទី៣ តំណាងឲ្យមហាសមុទ្រទាំង៧ ព័ទ្ធជុំវិញចក្រវាល ។ បន្ទាប់មកទៀតយើងនឹងឃើញខ្លោងទ្វារកំពែងទី៣ ដែលតំណាងឲ្យស្ថានសួគ៌ទាំង៦ ឬកំពែងស្ថានត្រៃត្រឹង្ស ។​

ខ្លោងទ្វារទី៣ 



ព្រះនាងលក្ម្សីណ៍
ខ្លោងទ្វារទី៣នេះ មានចំនួន២ ដែរ មួយនៅទិសខាងកើត និងមួយទៀតនៅទិសខាងលិច ។
ខ្លោងទ្វារនៅទិសខាងកើត មានផ្តែរលម្អរូបព្រះនាងលក្ស្មីដែលត្រូវបានដំរីពីរក្បាល យកប្រមោយត្រកងថូទឹកស្រោចមកលើរូបព្រះនាង ហើយចំណែកនៅខាងក្រោមព្រះនាង មានរូបចម្លាក់សត្វគ្រុឌមួយយ៉ាងសង្ហារ ។




 ចំណែកខ្លោងទ្វារខាងលិច នៅលើផ្តែរមានរូបចម្លាក់ទាក់ទងនឹងរឿងរាមកេរ្តិ៍ វគ្គចំបាំងរវាងសុគ្រីពនិងពាលី រួមនឹងចម្លាក់ក្បាច់យ៉ាងល្អគួរឲ្យស្ញប់ស្ញែងពេកក្រៃ ។
ដើរចូលទៅក្នុងទៀត នៃបរិវេណកំពែងទី៣និងទី៤ យើងនឹងសង្កេតឃើញមានរូបព្រះគោមួយកំណាត់ខ្លួន ជាប់នឹងជើងទម្រធ្វើអំពីថ្មភក់ ត្រូវបានដាក់ឲ្យបែរមុខទៅរកប្រាង្គសំខាន់កណ្តាល ដែលឧទ្ទិសដល់ព្រះឥសូរ ។ ក្រៅពីនោះ យើងឃើញមានសាលវែងៗចំនួន៦ទៀត ។



  • តួនាទីសាលវែងទាំង៦
នៅចន្លោះកំពែងទី៣និងទី៤ នៃបរិវេណផ្នែកខាងក្នុង មានសាលវែងៗចំនួន៦ នៅខាងកើតមាន២ នៅខាងជើងមាន២ នៅខាងត្បូងនិងខាងជើងមានម្ខាងមួយ ។ សាលទាំងនេះមានជញ្ជាំងធ្វើពីថ្មបាយក្រៀម ប្រហែលជាដំបូលឈើប្រក់ក្បឿង ប្រើសំរាប់ធ្វើពិធីគោរពសាសនា ដោយមានការបូជាព្រះភ្លើង ហើយចំពោះអ្នកដែលមកចូលរួមក្នុងពិធីនេះ ត្រូវតែសូត្រធម៌តាមគម្ពីរសាសនាតាមរយៈការធ្វើសមាធិ ។ 
តាមរយៈសិលាចារឹករបស់ប្រាសាទនេះ បានឲ្យដឹងថា ព្រះគ្រូ យជ្ញវរហ គឺជាអ្នកដឹកនាំក្នុងការធ្វើពិធីនេះជារៀងរាល់ថ្ងៃ ដើម្បីគោរពថ្វាយដល់ព្រះឥសូរ។ នៅឯស៊ុមរបស់ខ្លោងទ្វារមួយនៃសាលទិសខាងលិច ផ្នែកខាងត្បូង មានសិលាចារឹកខ្លីមួយ សរសេរថា “ នៅក្នុងសាលនេះ មានតម្កល់រូបទេពធីតាមួយអង្គព្រះមាន វហ្គេស្វរី និងរូបព្រះគ្រូ វិធ្យា  ” ។ 

ខ្លោងទ្វារទី៤ 

កំពែងនេះសាងអំពីដីឥដ្ឋព័ទ្ធជុំវិញប្រាសាទ ប៉ុន្តែបានបាក់បែកស្ទើរគ្មានសល់ ប៉ុន្តែខ្លោងទ្វារនៅទិសខាងកើតដែលធ្វើអំពីថ្មភក់នៅសល់យ៉ាងល្អ
ខ្លោងទ្វារទី៤
ដោយមានលម្អនូវក្បាច់ចម្លាក់យ៉ាងប្រណិត ។ ខ្លោងទ្វារខាងកើតនេះ មានរូបផ្តែរដែលមានរូបព្រះក្រឹស្ណៈ(បាត់ក្បាល) សម្លាប់យក្សដំរីនិងតោ (សាច់រឿង ) ឯហោជាងមានលម្អរូបព្រះឥសូរដៃដប់ ឈររាំបំផ្លាញសម្រស់នាងគិរីកាឡាមាយា (សាច់រឿង ) ។

 ផ្នែកខាងក្រោយ 
នៅលើផ្តែរមានរូបវិស្ណុអវតារ មួយអង្គ​គឺកល្កិន​ជាអវតារទី១០ ក្បាលសេះខ្លួនមនុស្ស​ សម្លាប់យក្សពីរនាក់គឺ កូកា និង​វិកូកា (សាច់រឿង ) ហើយនៅលើហោជាង មានចម្លាក់រូប ព្រះនាងទុគ៌ាជិះតោ សម្លាប់យក្សក្របី មហិង្សាសុរា (សាច់រឿង​) ។ 
រីឯខ្លោងទ្វារខាងលិចនៃកំពែងទី៤នេះ មានសភាពទ្រុឌទ្រោមខ្លាំង ប៉ុន្តែនៅផ្នែកខាងក្នុងនៃខ្លោងទ្វារនេះ​មានសិលាចារឹកមួយបញ្ជាក់ពីឈ្មោះ ឧមាមហេស្វរ ដែលនៅក្នុងខ្លោងទ្វារនេះ កាលពីដើម មានតម្កល់រូបបដិមាឧមាមហេស្វរក្នុងទម្រង់ជារូបព្រះនាងឧមាគង់លើភ្លៅ ព្រះឥសូរ ប៉ុន្តែបច្ចុប្បន្ននេះ បដិមានេះត្រូវបានតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញដើម្បីរក្សាសុវត្ថិភាព។ 

ហោត្រៃខាងជើងនិងខាងត្បូង
នៅខាងក្នុងកំពែងទី៤នេះ មានអគារចំនួន២ដែលមានទ្វារបើកចំហរទៅទិសខាងលិច សាងអំពីថ្មភក់​និងថ្មបាយក្រៀម ដំបូលប្រក់ឥដ្ឋ អគារទាំងពីរនេះត្រូវបានគេហៅថា ហោត្រៃ ឬ បណ្ណាល័យ ដែលមានមួយនៅខាងត្បូង និងមួយទៀត នៅខាងជើង ។ 

ហោត្រៃខាងត្បូង

អគារនេះធ្លាប់ត្រូវបានតម្កល់ឯកសារមួយចំនូនស្តីអំពីគម្ពីរសាសនាបុរាណរួមមាន​
ហោត្រៃខាងត្បូង
គម្ពីរវេទ និង គម្ពីរបុរាណ ដែលត្រូវបានគេយកមកសូត្រដោយពួកព្រាហ្មណ៍ដោយឥតមានឈប់សម្រាក ។ នៅលើខ្លោងទ្វារខាងលិចដែលចំហរ​មានលម្អដោយហោជាងបីថ្នាក់ ថ្នាក់ក្រោមគេមានរឿងទេវកថាមួយនៅក្នុងគម្ពីរសិវបុរាណ ត្រង់វគ្គព្រះឥសូរដុតបំផ្លាញព្រះកាមទេព។ យើងឃើញចម្លាក់នេះមានរូបអង្គព្រះឥសូរធំជាងគេគង់លើបល្ល័ង្ក ដៃម្ខាងកាន់ខ្សែអង្កាំហុចឲ្យមហេសីបរវតី រីឯឆ្វេងដៃរបស់ព្រះអង្គ​មានតួអង្គព្រះកាមទេព កំពុងតម្រង់ព្រួញបាញ់ព្រះឥសូរ។ នៅថ្នាក់ក្រោមៗមានតាបសឥសី មានអ្នកគោរពបូជាមួយចំនួន អ្នកខ្លះក្បាលសេះ ក្បាលដំរី និងក្បាលគ្រុឌជាដើម‌ (សាច់រឿង )។
 ចំណែកឯនៅលើទ្វារបញ្ឆោតនៃហោត្រៃដដែលនេះ (ផ្នែកខាងកើត ) ក៏លម្អដោយហោជាងបីថ្នាក់ផងដែរ ដោយមានក្បាច់ក្បូរយ៉ាងពិសេស ដោយសងខាងនៃហោជាងនិមួយៗ មានរូបតោ​ គ្រុឌនិងសត្វនាគ ផុសចេញពីមាត់នៃសត្វមករ ដែលតំណាងអោយភាពរុងរឿងថ្កើងថ្កាន ។ នៅហោជាងទី១ មានចម្លាក់និយាយអំពីយក្សក្រុងរាពណ៍មានមុខដប់ដៃម្ភៃ អង្រួនភ្នំកៃលាស់ ដើម្បីរំខានដល់ការធ្វើសមាធិរបស់ព្រះឥសូរ ។ នៅក្នុងផ្ទាំងនេះ យើងឃើញព្រះឥសូរគង់លើបល្ល័ង្កកណ្តៀតព្រះមហេសី បរវតីនៅចង្កេះ​ ដៃម្ខាងកាន់កួរស្រូវតំណាងឲ្យកំលាំងនៃស្ថានទាំងបី ជើងម្ខាងរបស់ព្រះអង្គសំយុងចុះក្រោម ដោយប្រើម្រាមជើងចុចភ្នំសង្កត់លើស្តេចយក្សក្រុងរាពណ៍ ដែលមានមុខច្រើននិងដៃច្រើនកំពុងលើភ្នំកៃលាស់អង្រួននោះ មិនអោយស្តេចយក្សនោះរើរួចឡើយ ក្រៅពីនោះយើងឃើញមានតាបស
 អាទិទេពប្លែកៗ និងសត្វស្វាដំរីក្តាន់ខ្លា​។ល។ កំពុងស្លន់ស្លោរត់ប្រសាច។ (សាច់រឿង )
ហោត្រៃខាងជើង
ក្រៅពីតម្កល់គម្ពីរមួយចំនួន រាល់សម្ភារសម្រាប់គោរពបូជាទាំងឡាយ ក៏ត្រូវបានគេរក្សានៅក្នុងអគារនេះដែរ ។ នៅលើខ្លោងទ្វារទាំងពីរនេះ គឺមានរឿងទាក់ទងនឹងសកម្មភាព អវតារទី៨របស់ព្រះវិស្ណុ គឺក្រឹស្ណៈ ក្នុងរឿងភារតយុទ្ធ ដូចគ្នា។
ហោត្រៃខាងជើង
ហោជាងបែរទៅទិសខាងកើតលើទ្វារបញ្ឆោត បង្ហាញអំពីព្រះក្រឹស្ណៈ និងអរជុនផ្ចាញ់ព្រះឥន្ទ្រ ។ ក្នុងចម្លាក់នេះ យើងឃើញមានអ្នកគោរពបូជាលើដៃប្រណមចំពោះមហិទ្ធិឬទ្ធិព្រះឥន្ទ្រ ហើយតួអង្គព្រះឥន្ទ្រកំពុងកាន់កាំរន្ទះឈរលើក្បាលដំរីក្បាលបី ព្វរាវ័ណបញ្ចេញមហិទ្ធិឬទ្ធិបង្អុរទឹកភ្លៀង ដើម្បីទប់ទល់នឹងភ្នក់ភ្លើងព្រះអគ្គីដែលកំពុងតែដុតព្រៃខាន់ដាវៈ ស៊ីជាអាហារ។​ ភ្លើងឆេះព្រៃតំណាងដោយសញ្ញាដូចត្របកផ្កានៅចន្លោះដើមឈើនិមួយៗ រីឯសត្វនាគក្បាលបី តំណាងឲ្យមិត្តភក្កិព្រះឥន្ទ្រឈ្មោះ តសក្កៈ រួមជាមួយស្វា បក្សាបក្សី ប្រើស ដំរី តោ និងសត្វដទៃទៀតដែលរស់អាស្រ័យក្នុងព្រៃនោះ មានសេចក្តីភ័យខ្លាចហើយរត់គេចចេញពីភ្នក់ភ្លើង របស់ព្រះអគ្គី ។ ចំណែកឯមនុស្សពីរនាក់ដែលឈរនៅសងខាងនៃហោជាង គឺតួអង្គព្រះក្រឹស្ណៈដៃបួន នៅខាងស្តាំ និងតួអង្គ អរជុន កាន់ធ្នូនៅខាងឆ្វេង (សាច់រឿង ) ។
ចម្លាក់នៃហោជាងបែរទៅទិសខាងលិច បង្ហាញពីសាច់រឿង ព្រះក្រឹស្ណៈសម្លាប់ឪពុកមា ដែលជាស្តេចកំណាច ឈ្មោះកាំស្សៈ ។ ក្នុងចម្លាក់នេះ យើងឃើញអគារនៃរាជវាំងដ៏ល្អវិចិត្ររបស់ស្តេចកាំស្សៈ ហើយក្នុងរាជដំណាក់នេះ មានតួអង្គសំខាន់ជាងគេគឺព្រះក្រឹស្ណៈ កំពុងកាន់ដាវបម្រុងនឹងកាត់ក្បាលស្តេចកាំស្សៈ រីឯរូបធំពីរនាក់ផ្សេងទៀតដែលកំពុងឈរលើរាជរថអូសដោយសេះ គឺប្រហែល ជារូបព្រះពលរាមជាបង របស់ព្រះក្រឹស្ណៈ (សាច់រឿង ) ។

តួនាទីរបស់ប្រាង្គទាំងបី 

ប្រាសាទបន្ទាយស្រី មានប្រាង្គសំខាន់បីឈរតម្រៀបលើខឿនតែមួយ បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលខ្ពស់ជាងប្រាង្គពីរនៅ
សងខាង។ ប្រាង្គទាំងបីនេះមានតួនាទីផ្សេងខុសពីគ្នា​ គឺ ប្រាង្គខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ ប្រាង្គកណ្តាលឧទ្ទិសថ្វាយដល់សិវលឹង្គ
ត្រីភុវនមហេស្វរៈ និងប្រាង្គខាងត្បូងឧទ្ទិសថ្វាយដល់ព្រះឥស្វរ (សិវលឹង្គនេះ ត្រូវបានគោរពដោយប្អូនស្រីរបស់ព្រះរាជគ្រូ យជ្ញវរហ ) ។
នៅសងខាងមាត់ទ្វារនៃប្រាង្គកណ្តាល មានលម្អដោយចម្លាក់អ្នកយាមភេទប្រុសកាន់ដំបង ចំណែកឯប្រាង្គពីរទៀត លម្អដោយទេពអប្សរពីរអង្គអបសងខាងច្រកទ្វារដូចគ្នា ។ ចំពោះទេវភេទស្រី ដែលឆ្លាក់លម្អទាំងបួនជ្រុងនៃប្រាង្គ មានប្រាំបីអង្គ សុទ្ធតែមានគ្រឿងអលង្ការ សម្លៀកបំពាក់គួរឲ្យចាប់អារម្មណ៍ពេកក្រៃ ជាពិសេក្រវឹលដែលបំពាក់លើទងត្រចៀកធ្លាក់រយាលរហូតដល់គល់សុដន់ កងដៃ កងជើង និង ខ្សែក្រវាត់រុំព័ទ្ធចង្កេះដែលពោរពេញទៅដោយគ្រាប់ត្បូងយ៉ាងច្រើន ។ បើនិយាយពីសម្រស់វិញ ទេពអប្សរនៅប្រាសាទនេះ មានដើមទ្រូងមូលក្បំ ចង្កេះរាវ ត្រគាកសាយ ទឹកមុខញញឹមអឹមអៀនឈ្ងោកមុខបន្តិច ដៃកាន់ផ្កាឈូកនិងផ្ការំចង់ ពិតជាធ្វើអោយបុរសគ្រប់សម័យកាលឈ្លក់វង្វេងបានយ៉ាងងាយ ។​ ចំណែកឯទេវភេទប្រុសវិញ ក៏មិនអន់ដែរ​ដោយមានក្បាលពោះរាបស្មើ ដើមទ្រូងរីកសាយ សមជាសុភាពបុរស ។ ក្រៅចម្លាក់ទេពទាំងនេះ នៅមានក្បាច់ជាច្រើនទៀត ដែលត្រូវបានឆ្លាក់គ្រប់កន្លែងតាំងពីក្រោមរហូតដល់ខាងលើ ពោរពេញទៅដោយទេពកោសល្យយ៉ាងល្អវិចិត្រ និងមានរឿងវ៉ាវទាក់ទងទៅនឹងទេវកថា ជាច្រើនអនេក។

តួនាទីរបស់ប្រាង្គខាងជើង (សម្រាប់ឧទ្ទិសដល់ព្រះវិស្ណុ ) 

ក្នុងប្រាង្គនេះ ធ្លាប់ត្រូវបានតម្កល់ទេវរូបព្រះវិស្ណុ នេះបើយោងទៅតាមសិលាចារឹក៦បន្ទាត់ដែលបានបន្សល់ទុកនៅស៊ុមទ្វារចំហរនៃប្រាង្គនេះ ប៉ុន្តែពេលនេះ​មិនមានរូបបដិមាតម្កល់នៅទីនេះឡើយ ។ តាមសិលាចារឹកនេះបានពណ៌នាថា «ព្រឹទ្ធវិទ្រ្ទបណ្ឌិតដែលគាត់ត្រូវជាសាច់ញាតិរបស់ព្រះរាជគ្រូយជ្ញវរហ បានតម្កល់នូវរូបនេះ គឺជាព្រះវិស្ណុក្នុងទម្រង់ជាយុវទេពមានដៃបួន ហើយព្រះកេសមានពាក់ម្កុដដែលមានក្បាំងមុខមួយ។ »
ប្រាង្គនេះ មានទ្វារបិទជិតដើម្បីលម្អចំនួនបីនៅទិសខាងជើង ខាងលិចនិងខាងត្បូង ហើយនៅពីលើទ្វារនិមួយៗមានផ្តែរនិងហោជាងដែលមានលម្អដោយរូបចម្លាក់ផ្សេងៗដូចជា ៖ 
  • នៅលើខ្លោងទ្វារខាងកើត មានចម្លាក់នៅលើហោជាង ស្តីអំពីខ្លួនមនុស្សក្បាលតោ (បាត់ក្បាល) ចាប់ហែកយក្សនៅលើជង្គង់ ។រូបនេះបង្ហាញពីអវតារទី៤ របស់ព្រះវិស្ណុ គឺ នរសឹង្ហ សម្លាប់យក្សហិរណ្យក្សសិបុ ចំណែកនៅលើផ្តែរ មានចម្លាក់រូបព្រះឥន្ទ្រគង់លើដំរីព្ធរាវ័ន ក្បាលបី សូមបញ្ជាក់ថា ព្រះឥន្ទ្រគឺជាសេ្តចនៃអាទិទេព និងជាទ្វារបាលនៃទិសខាងកើត។ 
  • នៅទ្វារខាងជើង មានចម្លាក់នៅលើហោជាងស្តីអំពីព្រះកុបេរៈ គង់លើបល្ល័ង្ក ព្រះអង្គគឺជាអាទិទេពនៃទ្រព្យសម្បត្តិ និងសោភណ្ឌភាព ហើយក៏ជាទេពដែលការពារនៅទិសខាងជើងផងដែរ។ ចំណែកលើផ្តែរវិញ មានរូបភីម ចាប់ហែកស្តេចកំណាច ចរស្វតជាពីរចម្រៀក។  
  • ទ្វារខាងលិច នៅលើហោជាងមានចម្លាក់រូប ព្រះភិរុណ គង់លើសត្វក្ងាន ឬហង្ស ព្រះអង្គគឺជាអាទិទេពនៃទឹកភ្លៀង ហើយជាទ្វារបាលនៃទិសខាងលិច។ ចំណែកឯនៅលើផ្តែរ មានរូបចម្លាក់ព្រះវិស្ណុដៃបួនគង់លើបក្សីគ្រុឌ ។ 
  • ទ្វារទិសខាងត្បូង ហោជាងមានចម្លាក់រូបព្រះយមរាជ គង់លើសត្វក្របី ព្រះអង្គជាអាទិទេពនៃមរណភាពនិងជាអាទិទេពនៃយុត្តិធម៌ផង ហើយក៏ជាទ្វារបាលនៃទិសខាងត្បូងផងដែរ។ ចំណែកនៅលើផ្តែរ មានរូបព្រះនាងបរវតី ព្រះនាងមានទងត្រចៀកវែងពាក់ក្រវឹកយ៉ាងធំ ព្រះនាងកំពុងធ្វើទារុណកម្មមកលើ​ ប្រ៊ីនហ្គី ដែលមិនបានគោរពមកលើខ្លួន។ ប្រ៊ីនហ្គី មានជើងបី​ ដែលសាវ័កដ៏ស្ម័គ្រស្មោះរបស់ព្រះឥសូរ។ 

តួនាទីរបស់ប្រាង្គកណ្តាល (ឧទ្ទិសដល់ព្រះឥសូរ)

ក្នុងប្រាង្គនេះ មានតម្កល់សិវលឹង្គមួយឈ្មោះថា ត្រីភុវនមហេស្វរ (មានន័យថា ព្រះអាទិទេពនៃស្ថានទាំងបី) សិវលឹង្គនេះត្រូវបានគោរពបូជាដោយព្រះរាជគ្រូ យជ្ញវរហ និងប្អូនប្រុសឈ្មោះ វិស្ណុកុមារ ។ អ្នកទាំងពីរបានគោរពប្រតិបត្តិ តាមក្បួនច្បាប់សាសនាយ៉ាងតឹងរ៉ឹងបំផុត លើសពីនេះទៅទៀត អ្នកទាំងពីរបានបូជាថ្វាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន រួមទាំងជីវិតផងដែរ ដើម្បីគោរពដល់ព្រះឥសូរ នៅក្នុងប្រាសាទនេះ​ ។ ប្រាង្គកណ្តាលនេះមានទ្វារចំហរមួយលយបែរទៅទិសខាងកើត​​ និងទ្វារបីផ្សេងទៀតបិទជិតដែលហៅថាទ្វារបញ្ឆោត។ ដើម្បីលម្អប្រាង្គ នៅតាមហោជាង​និងផ្តែរ និមួយៗក៏មានឆ្លាក់ចម្លាក់យ៉ាងជ្រៅចូលទៅក្នុងសាច់ថ្ម ប្រកបដោយភាពស្មុគស្មាញបំផុត ប៉ុន្តែវារបៀបរៀបរយល្អ ដោយមានការរៀបចំ អំណត់អត់ធ្មត់ពីសំណាក់ជាងចម្លាក់នាសម័យនោះ។ នៅហោជាងនិងផ្តែរក៏មានរូបទេពសំខាន់ៗដូចប្រាង្គខាងជើងដែរ ដូចជា ៖

  • ខ្លោងទ្វារខាងកើត មានរូបព្រះឥន្ទ្រគង់លើដំរី ព្រះអង្គជាទ្វារបាលនៃទិសខាងកើត​។
  • ខ្លោងទ្វារខាងជើង មានចម្លាក់រូបទ្វារបាលប្រចាំទិសខាងជើង គឺ ព្រះកុបេរ គង់លើបល្ល័ង្ក ដែលជាព្រះអាទិទេពនៃទ្រព្យសម្បត្តិនិងសោភណ្ឌភាព ។ ចំណែកនៅលើផ្តែរ មានចម្លាក់រូប ចម្បាំងពាលីនិង សុគ្រីព  ដោយមានរូបតូចសងខាង ដែលជាព្រះរាមទាញធ្នូបាញ់តម្រង់ទៅ ស្តេចស្វាពាលី ក្នុងសាច់រឿងរាមកេរ្តិ៍ ។ 
  • ខ្លោងទ្វារទិសខាងលិច នៅលើហោជាងមានរូបព្រះភិរុណ អាទិទេពនៃទឹកភ្លៀង និងជាទ្វារបាលទិសខាងលិច គង់លើសត្វក្ងាន ។ ចំណែកលើផ្តែរ មានរូបចម្លាក់យក្សវិរាធ ចាប់នាងសីតា ក្នុងរឿង រាមកេរ្តិ៍ ។
  • នៅខ្លោងទ្វារទិសខាងត្បូង ចម្លាក់លើហោជាងស្តីអំពី ព្រះយមរាជ គង់លើសត្វក្របី ព្រះអង្គជាអាទិទេពនៃសេចក្តីស្លាប់ និងយុត្តិធម៌ ហើយជាទ្វារបាលនៃទិសខាងត្បូង ។ ចម្លាក់នៅលើផ្តែរ មានរូបចម្លាក់ អរជុន និង​ព្រះឥសូរក្នុងទម្រង់ជាព្រានព្រៃឈ្មោះ ការ៉ាត់ ឈ្លោះប្រកែកគ្នាអំពីការបាញ់សម្លាប់សត្វជ្រូកព្រៃក្នុងសាច់រឿង មហាភារតយុទ្ធ ។ 

តួនាទីរបស់ប្រាង្គខាងត្បូង (ឧទ្ទិសថ្វាយដល់ព្រះឥសូរ)

ប្រាង្គនេះ ក៏ដូចប្រាង្គពីរទៀតដែរ គឺមានទ្វារបើកចំហរទៅទិសខាងកើត និងទ្វារបញ្ឆោតបីទៀត ។ នៅស៊ុមទ្វារខាងកើត មានសិលាចារឹកជាភាសាសំស្ក្រឹត ចារថា « នៅទីនេះ​មានតម្កល់សិវលឹង្គមួយឈ្មោះ ឥស្វរៈ ដែលត្រូវបានគោរពបូជាដោយ ជហ្នាទេវី ដែលជាប្អូនស្រីរបស់ព្រះគ្រូ យជ្ញវរហ ។» នៅលើខ្លោងទ្វារនិមួយៗ មានចម្លាក់អាទិទេពផ្សេងៗគ្នា​ នៅលើហោជាងនិងផ្តែរដូចជា ៖ 
  • ខ្លោងទ្វារខាងកើត​ លម្អដោយទ្វារបាលប្រចាំទិសខាងកើត និងជាស្តេចនៃអាទិទេព គឺព្រះឥន្ទ្រគង់លើដំរី​ព្ធរាវ័ណ ចំណែកនៅលើផ្តែរមានចម្លាក់រូប ឧមាមហេស្វរៈ ។ 
  • ខ្លោងទ្វារទិសខាងជើង មានលម្អរូបព្រះកុបេរ គង់លើបល្ល័ង្ក ជាអាទិទេពនៃទិសខាងជើង ។ 
  • ខ្លោងទ្វារទិសខាងលិច មានលម្អរូបព្រះភិរុណ អាទិទេពនៃទឹកភ្លៀង ជាទ្វារបាលនៃទិសខាងលិច ។ 
  • ខ្លោងទ្វារខាងត្បូង មានលម្អរូបព្រះយមរាជ ជាអាទិទេពនៃមរណភាពនិងយុត្តិធម៌ ​ជាទ្វារបាលទិសខាងត្បូង ។  
សរុបសេចក្តីមក ប្រាង្គទាំងបីនៃប្រាសាទបន្ទាយស្រី គឺឧទ្ទិសថ្វាយដល់អាទិទេពតែពីរអង្គប៉ុណ្ណោះ គឺប្រាង្គខាងជើង ឧទ្ទិសថ្វាយដល់អង្គព្រះវិស្ណុ ដែលជាអាទិទេពថែរក្សាការពារលោក និង ប្រាង្គកណ្តាលនិងប្រាង្គខាងត្បូង ឧទ្ទិសថ្វាយដល់ព្រះឥសូរ ដែលជាអាទិទេពការពារនិងបំផ្លាញលោក ។ ដូច្នេះហើយទើបរាល់ចម្លាក់ទាំងឡាយ គឺទាក់ទងនឹងសកម្មភាពរបស់អាទិទេពទាំងពីរនេះ ជាពិសេសគឺចម្លាក់នៅលើហោជាង ចំណែកឯគ្រប់ទិសទាំងបួននៃប្រាសាទបន្ទាយស្រីនេះវិញ គឺសុទ្ធតែលម្អដោយចម្លាក់នៃអាទិទេពការពារនៅទិសទាំងបួន ដែលយើងតែងនិយាយថា ទ្វារបាលនៃទិសទាំងបួន ដូចជា ព្រះឥទ្ទ្រ ព្រះកុបេរ ព្រះភិរុណ និងព្រះយម គឺសុទ្ធតែមាននៅគ្រប់ទិសទាំងអស់ ។ នេះសបង្ហាញឲ្យយើងដឹងថា អ្នកសាងសង់ប្រាសាទ ក្រោមការចាត់ចែងរបស់ព្រះរាជគ្រូ យជ្ញវរហ គឺបានគោរពតាមគោលការណ៍ច្បាប់នៃគម្ពីរវេទក្នុងព្រាហ្មញ្ញសាសនា យ៉ាងតឹងរ៉ឹង ដូចដែលសិលាចារឹកបានចារថា ពួកគេជាអ្នកគោរពបូជាចំពោះព្រហ្មញ្ញសាសនាយ៉ាងខ្ជាប់ខ្ជួនបំផុត។








Comments

Popular posts from this blog

អវតារទាំង១០របស់ព្រះវិស្ណុ ឬព្រះនារាយណ៍

រឿងនិទានសម័យអង្គរ ដែលបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន

តើនារីអប្សរាមានឈ្មោះដែរឬទេ?