TA PROHM

ប្រាសាទតាព្រហ្ម Ta Prohm Temple

ប្រាសាទតាព្រហ្ម ជាប្រាសាទមួយដែលបានកសាងឡើងក្នុងរជ្ជកាល ព្រះមហាក្សត្រមួយអង្គព្រះនាម ជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ ក្នុងអំឡុងឆ្នាំ ១១៨៦ គ.ស ដើម្បីឧទ្ទិសថ្វាយដល់ព្រះមាតារបស់ព្រះអង្គក្រោមរូបភាពជាប្រាជ្ញាបរមិតា ។​ ប្រាសាទតាព្រហ្ម គឺជាប្រាសាទបែបព្រះពុទ្ធសាសនាមហាយាន មានប្រាង្គចំនួន៣៩ ហ៊ុំព័ទ្ធទៅដោយកំពែងថ្មបាយក្រៀម៥ជាន់ កំពែងខាងក្រៅបង្អស់មានប្រវែង ១០០០ម៉ែត្រ x ៧០០ម៉ែត្រ  មានគោបុរៈ នៅគ្រប់ទិសទាំង៤​ អមដោយព្រហ្មមុខ៤ ប៉ុន្តែនៅសល់តែទិសខាងលិច និងខាងជើងប៉ុណ្ណោះ។ 


តាមសិលាចារិកនៅប្រាសាទនេះ បានអោយដឹងអំពីព័ត៌មានសំខាន់ជាច្រើនទាក់ទងនឹងទំហំនិងមុខងាររបស់ប្រាសាទ  ដូចជា​ ប្រាសាទតាព្រហ្មមានភូមិចំណុះចំនួន៣១៤០ភូមិ មានមនុស្សចំនួន ៧៩៣៦៥នាក់​ អ្នកមើលថែប្រាសាទ មានដូចជារាជគ្រូ ១៨នាក់ មន្ត្រី២៧៤០នាក់ ជំនួយការ ២២០២នាក់ និងអ្នករបាំចំនួន៦១៥នាក់ ។ ចំណែកឯទ្រព្យសម្បត្តិមានដូចជា ចានមាសដែលមានទំងន់ជាង៥០០គីឡូក្រាម មានពេជ្រ៣៥៣៥គ្រាប់ គុជខ្យង ៤០៦២០គ្រាប់ ត្បូងមានតំលៃ ៤៥៤០គ្រាប់ ស្បៃពីប្រទេសចិន ៨៧៦ សូត្រចំនួន ៥១២ និងក្លស់ចំនួន ៥២៣ ។

ប្រាសាទតាព្រហ្ម ស្ថិតនៅក្នុងវង់តូច ចន្លោះប្រាសាទតាកែវ និងប្រាសាទ បន្ទាយក្តី​ ឡោមព័ទ្ធដោយព្រៃឈើខ្ពស់ៗខៀវស្រងាត់នៅខែវស្សា នៅពេលព្រឹកព្រលឹម និងពេលល្ងាច មានហ្វូងបក្សាបក្សីយំរំពងនៅលើដើមឈើដែលដុះនៅលើប្រាសាទ ជាពិសេសគឺសត្វសេក​ និងសត្វរៃ  ដែលធ្វើអោយអារម្មណ៍របស់អ្នកទេសចរ អន្លង់អន្លោចជាពន់ពេក ។​ ដោយសារតែ នៅគ្របដណ្តប់ដោយព្រៃឈើនៅឡើយ ទើបធ្វើអោយប្រាសាទនេះ មានភាពទាក់ទាញជាខ្លាំង ទោះជាបានបាក់បែកស្ទើរតែទាំងស្រុងក៏ដោយ អរគុណដល់ព្រៃឈើនានា ពិសេសគឺដើមស្ពង់ ដែលបានដុះចាក់ឬសលើតួប្រាសាទ មើលទៅហាក់ដូចជា ប្រាសាទទាំងមូលត្រូវលេបត្របាក់ដោយសារធម្មជាតិពិតៗ ។ 



ដើមស្ពង់ដែលមានឬសចាក់ពីខាងលើដំបូល រហូតដល់គ្រឹះខាងក្រោមក្នុងដី មើលទៅគួរអោយរន្ធត់ ឬសតូចធំបានជ្រៀតចូលតាមចន្លោះថ្មធំៗ  ធ្វើអោយមានស្នាមប្រេះជាប្រហោងតូចធំជាច្រើន ដែលសឹងមិនគួរអោយជឿថា ឬសឈើទាំងនោះអាចញែកថ្មធំៗទាំងនោះបានសោះ។ 



បន្ទាប់ពីព្រះបាទពញាយ៉ាត ផ្លាស់ប្តូររាជធានីពីក្រុងអង្គរនៅសតវត្សទី១៥ ទៅកាន់ចតុមុខមក ក្រុងអង្គរ ត្រូវបានបោះបង់ចោល ដោយមានការញាំញីពីសំណាក់សៀមផងនោះ ធ្វើអោយទីក្រុងអង្គរ ស្ទើរតែគ្មានមនុស្សរស់នៅ ការមើលថែទាំប្រាសាទ ក៏លែងមានទៀតដែរ (លើកលែងតែប្រាសាទអង្គរវត្ត ) ទើបធ្វើអោយប្រាសាទខ្មែរទាំងឡាយត្រូវទុកចោល និងកប់បាត់ក្នុងព្រៃបន្តិចម្តងៗ រហូតដល់សម័យអាណានិគមបារាំង អំឡុងសតវត្សទី ១៩ ទើបមានការរុករក កាប់ឆ្ការនិងថែទាំសារជាថ្មីឡើងវិញបន្តិចម្តងៗ ។ ដោយមើលឃើញពីភាពអស្ចារ្យ  នៃឬសឈើ ដើមឈើ ដែលដុះនៅលើប្រាសាទតាព្រហ្ម ទើបក្រុមការងារអភិរក្សនិងអ្នកស្រាវជ្រាវនានា សម្រេចទុកប្រាសាទតាព្រហ្មអោយនៅក្នងស្ថានភាពដដែលរហូតដល់ឆ្នាំ២០០៣ ទើបមានការជួសជុលអភិរក្សក្រោមការសហការរបស់អាជ្ញាធរអប្សរានិងរដ្ឋាភិបាលឥណ្ឌា ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ដើមឈើធំទាំងនោះ មិនត្រូវបានគេកាប់យកចេញទាំងអស់នោះទេ ព្រោះវាជាសក្តានុពលទេសចរណ៍ យ៉ាងអស្ចារ្យ​ដែលត្រូវតែថែរក្សាទុកតាមដែលអាចធ្វើទៅបាន ដើម្បីបំរើដល់វិស័យទេសចរណ៍ ដើម្បីអោយភ្ញៀវជាតិ និងអន្តរជាតិបានទស្សនាថតយករូបភាពនៃការឈ្លានពានរបស់ធម្មជាតិ​ចំពោះប្រាសាទមួយនេះ ។

ដោយសារអាយុកាលនៃដើមស្ពង់ទាំងនោះ និងដើម្បីថែរក្សាសុវត្ថិភាពដល់ប្រាសាទក៏ដូចជាដល់ភ្ញៀវទេសចរ ទើបចាំបាច់ត្រូវតែកាត់មែកដែលពុកផុយខ្លះ និងដើមខ្លះដែលបានងាប់ប្រហោងក្នុង​ ត្រូវបានគេកាប់ចោលទុកតែផ្នែកខាងក្រោម ប៉ុណ្ណោះ ។ បើគិតពីអាយុកាលនៃដើមឈើដែលមានវ័យចំណាស់ៗ គឺចន្លោះចាប់ពី៣០០ឆ្នាំដល់ ៥០០ឆ្នាំ គឺបន្ទាប់ពីការបោះបង់ចោលក្រុងអង្គរ។

ភាពល្បីល្បាញរបស់ប្រាសាទនេះ បាននាំអោយក្រុមហ៊ុនផលិតភាពយន្តអន្តរជាតិដ៏ធំ គឺក្រុមហ៊ុនថតភាពយន្តអាមេរិច ហូលីវូត មកថតខ្សែភាពយន្តវាយប្រហារផ្សងព្រេង សំដែងដោយតារាហូលីវូតដ៏ល្បី គឺអ្នកស្រី អេនជូលីណា ជូលី នៅក្នុងឆ្នាំ ២០០១ គឺរឿង Tomb Raider ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នាំអោយប្រាសាទតាព្រហ្ម កាន់តែល្បីខ្ទរទ្ទាទៅកាន់ពិភពលោកថែមទៀត។

ក្រៅពីការបំផ្លាញពីធម្មជាតិ ប្រាសាទនេះ ក៏បានរងការបំផ្លាញពីសំណាក់អ្នកកាន់សាសនាហិណ្ឌូ អំឡុងមានការផ្លាស់ប្តូរសាសនា នៅសតវត្សទី១៣ ផងដែរ ដូចជាការបំផ្លាញបដិមាផ្សេងៗដែលទាក់ទងនិងពុទ្ធសាសនា ការដាប់រូបចំលាក់ ការកែប្រែរូបចំលាក់ព្រះពោធិសត្វទៅជាទេវសាសនាហិណ្ឌូជាដើម ។ល។​ ទាំងនេះ​គឺមានភស្តុតាងស្រាប់នៅតាមជញ្ជាំង និងសសរប្រាសាទ ។


@ALL RIGHTS REVERED 



small temple



Comments

Popular posts from this blog

អវតារទាំង១០របស់ព្រះវិស្ណុ ឬព្រះនារាយណ៍

រឿងនិទានសម័យអង្គរ ដែលបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន

តើនារីអប្សរាមានឈ្មោះដែរឬទេ?