នៅស្ទើរតែពាសពេញប្រទេសកម្ពុជា មានប្រាសាទបុរាណជាច្រើនដែលដូនតាជំនាន់ដើម ពិេសសគឺក្នុងសម័យអង្គរបានបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ បានដឹងពីវប្បធម៌អរិយធម៌កាលពីបុរាណកាល ជាពិសេសគឺប្រាសាទអង្គរវត្ត ជាបេតិកភ័ណវប្បធម៌ពិភពលោកដ៏អស្ចារ្យ នៃប្រទេសកម្ពុជា ដែលគ្រប់ប្រជាជាតិនៅលើពិភពលោកកោតសរសើរនូវស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសខ្មែរនាសម័យនោះ។
ក្រៅពីប្រាសាទអង្គរវត្ត អង្គរធំ និងប្រាសាទនានាដែលស្ថិតក្នុងខេត្តសៀមរាប ក៏នៅមានប្រាសាទជាច្រើនទៀត ដែលនៅរាយប៉ាយនៅភាគពាយ័ព្យនៃប្រទេសចន្លោះពីទីក្រុងអង្គរនិងប្រាសាទភីម៉ៃនៃប្រទេសថៃ ប៉ុន្តែគួរអោយស្តាយ ប្រាសាទខ្លះបាក់រំលំស្ទើរតែមើលលែងស្គាល់ដោយសារកត្តាផ្សេងៗ ដូចជាការបំផ្លាញដោយធម្មជាតិនិងដោយមនុស្ស។ ក្នុងនាមខ្ញុំជាអ្នកស្រលាញ់សំណង់ប្រាសាទបុរាណ និងវប្បធម៌ខ្មែរ ខ្ញុំតែងតែចំណាយពេលវេលាធ្វើទស្សនកិច្ចសិក្សាជាលក្ខណៈឯកជនតាមភូមិឋាននានា ដែលមានប្រាសាទនិងថតរូបទុកចែកចាយជូនបងប្អូនរួមជាតិអោយបានដឹងនិងចូលរួមថែរក្សាការពារទាំងអស់គ្នា សំរាប់អ្នកជំនាន់ក្រោយផងដែរ ។ ថ្ងៃនេះ ខ្ញុំសូមណែនាំប្រាសាទមួយចំនួនដែលនៅភាគខាងលិចក្រុងអង្គរ ដែលស្ថិតក្នុងស្រុកពួក ស្រុកក្រឡាញ់នៃខេត្តសៀមរាប និង ប្រាសាទមួយចំនួនស្ថិតនៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ប៉ុន្តែគួរអោយស្តាយព្រោះខ្ញុំមិនអាចស្វែងរកទិន្នន័យនៃប្រាសាទនិមួយៗបាននៅឡើយ ដោយសារការបាក់បែកនិងបាត់បង់នូវចំលាក់ ទើបពិបាកធ្វើការសន្និដ្ឋាន។
១/ ប្រាសាទ ដូនទ្រង់ ( Daun Troung Temple )
ប្រាសាទដូនទ្រង់ ស្ថិតនៅក្នុងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ដែលមានចំងាយប្រហែលជា៤០គ.ម ពីទីរួមខេត្ត ស្ថិតនៅភាគខាងលិច តាមបណ្តោយផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ។ ប្រាសាទនេះ ជាប្រភេទប្រាសាទទោល ព័ទ្ធដោយកំពែង១ជាន់ធ្វើពីថ្មបាយក្រៀម មានខ្លោងទ្វារចូលចំនួន៣ពីទិសខាងកើត ដែលបច្ចុប្បន្នបាក់បែករំលំ នៅសល់តែមួយប៉ុណ្ណោះ ។ ប្រាសាទនេះសាងសង់ឡើយដោយថ្មភក់ពណ៌ផ្កាឈូក លាយថ្មបាយក្រៀម មានចំលាក់រូបនាគក្បាល៥នៅសងខាងផ្តែរ ដែលនៅស្រស់ស្អាត ។ ប្រាសាទនេះ ហាក់មិនទាន់សាងសង់រួច១០០%នោះទេ ព្រោះផ្នែកខ្លះនៃប្រាសាទ ពុំមានការឆ្លាក់នោះឡើយ ។ គួរអោយស្តាយ ផ្នែកខ្លះត្រូវបានជនខិលខូចលួចដាប់យកទៅបាត់ ផ្នែកខ្លះទៀត ក៏បាក់ដួលរលំ មើលមិនយល់ ចំណែកនៅជុំវិញបរិវេណប្រាសាទ មានដើមឬស្សីនិងដើមឈើតូចធំមួយចំនួនដុះស៊ុបទ្រុប មើលទៅគួរអោយសង្វេគពេក្រៃ ។ ខាងក្រោមនេះ ជារូបភាពនៃប្រាសាទដូនទ្រង់ ៖
 |
តួប៉មកណ្តាលនៃប្រាសាទដូនទ្រង់ |
 |
កំពូលប្រាសាទមើលពីចំងាយ |
 |
ចំលាក់ផ្តែរ |
 |
រូបនាគក្បាលប្រាំដែលនៅល្អជាងគេ |
 |
កំពូលកណ្តាលទ្រដោយរន្ទាការពារការដួលបាក់រលំ |
 |
ខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំងបីដែលនៅសល់ |
 |
សំណង់ប្រាសាទមើលពីខាងក្រៅកំពែង |
២/ ប្រាសាទ ប្រាសាទភ្នំកំបុត ( Phnom Kambot Temple )
បើអ្នកទៅដល់ទីរួមស្រុកក្រឡាញ់ ខេត្តសៀមរាប អ្នកនឹងបានឃើញកូនភ្នំតូច១នៅភាគខាងជើង យើងអាចមើលឃើញព្រះវិហារដែលនៅលើខ្នងភ្នំនោះពីចំងាយ ភ្នំនោះគឺមានឈ្មោះថា ភ្នំទ្រង់បាត ។ នៅភាគខាងលិចនៃព្រះវិហារនេះ មានវាលពិឃាតប្រល័យពូជសាសន៍នាសម័យប៉ុលពត ហើយនៅខាងក្រោយវាលពិឃាតនេះ គឺមានប្រាសាទតូចមួយឈ្មោះថា ប្រាសាទ ភ្នំកំបុត ។
ប្រាសាទភ្នំកំបុត ស្ថិតនៅលើខ្នងភ្នំទ្រង់បាតភាគខាងលិច ឡោមព័ទ្ធដោយព្រៃរបោះ ព្រៃឬស្សី និងដុំថ្មរដិបរដុម ។យើងអាចធ្វើដំណើរបានដោយម៉ូតូ និងដើរដោយថ្មើរជើង ប្រហែល៣០០ម៉ែត្រទៀត។
ប្រាសាទតូចនេះ សាងសង់ឡើងដោយឥដ្ឋ សសរពេជ្រនិងផ្តែរ ធ្វើដោយថ្មភក់ប្រផេះ នៅជុំវិញមានសល់ជើងទម្រខ្លះៗ និងបំណែកនៃប្រាសាទជាច្រើនទៀត ។ ដូចប្រាសាទដទៃដែរ ប្រាសាទនេះក៏រងការបំផ្លាញដោយមនុស្សនិងធម្មជាតិ និងខ្វះការអភិរក្ស ។ ចំពោះកាលបរិច្ឆេទនៃប្រាសាទនេះ គឺប្រហែលជាសតវត្សទី១០ នៃគ្រឹស្តសករាជ ។
 |
ប្រាសាទទោលសង់ពីឥដ្ឋ |
 |
សំបុកអង្ក្រង |
 |
ចំលាក់ក្នុងរចនាបទប្រែរូប |
៣/ ប្រាសាទ ចារលើ ( Char Leu Temple )
បើលោកអ្នកចេញពីទីរួមស្រុកក្រឡាញ់ ទៅភាគខាងលិច នោះលោកអ្នកនឹងបានឃើញស្ពានវែងមួយដែលមានឈ្មោះថា ស្ពានតាប៉ុន ។ ក្រោមស្ពាននេះគឺជាស្ទឹងមួយដែលមានឈ្មោះថា ស្ទឹងក្រឡាញ់ ដែលជាព្រំដែនបែងចែករវាងខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពីឆ្លងស្ពានហើយ នៅខាងស្តាំដៃ មានផ្លូវលំក្រួសក្រហមមួយខ្សែ តាមរយៈផ្លូវលំនេះ លោកអ្នកអាចធ្វើដំណើរទៅកាន់ប្រាសាទចំនួនពីរ គឺប្រាសាទ ចារលើ និង ប្រាសាទ ប្រាំ ដែលស្ថិតនៅចំងាយពីទីរួមស្រុកក្រឡាញ់ប្រហែលជា ៧ គ.ម ។
ប្រាសាទចារលើ ស្ថិតនៅក្នុងបរិវេណវត្តចារលើ ភូមិចារលើឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សាងសង់ឡើងដោយថ្មភក់ពណ៌ផ្កាឈូកដ៏ប្រណីត ជាប្រភេទប្រាសាទទោល បែបព្រហ្មញ្ញសាសនា និកាយព្រះវិស្ណុ បែរមុខទៅទិសខាងកើត ។ នៅពីមុខប្រាសាទនេះ មានព្រះវិហារពុទ្ធសាសនាបុរាណមួយអាយុកាលជិត ១០០ឆ្នាំ ប៉ុន្តែមិនត្រូវបានដាក់អោយប្រើប្រាស់ទេដោយសារភាពទ្រុឌទ្រោមរបស់វា។ នៅជុំវិញប្រាសាទមានផ្នូរសពរបស់ប្រជាពលរដ្ឋ ដែលបានកប់កាលពីមិនទាន់មានការអភិរក្សរបស់អាជ្ញាធរ ។ ក្នុងបរិវេណវត្តចារលើ ក៏មានសាលាធម៌មួយដ៏ចំណាស់ផងដែរ ។ ខាងក្រោមនេះគឺជារូបភាពនៃប្រាសាទចារលើ និង វត្តចារលើ ៖
 |
ប្រាសាទចារលើ |
 |
ព្រះក្រឹស្នះទ្រភ្នំ |
 |
វិហារចំណាស់ |
 |
ដំបូលវិហារធ្វើពីឈើ |
 |
អ្នកយាមវិហារ |
 |
សាលាធម៌ |
៤/ ប្រាសាទ ប្រាំ ( Pram Temple )
បើលោកអ្នកចាកចេញពីវត្តចារលើ បន្តដំណើរទៅភាគខាងជើង ចំងាយប្រហែល ១៤០០ម៉ែត្រទៀត អ្នកនឹងបានឃើញប្រាសាទ១ទៀត នៅខាងឆ្វេងដៃ ប្រាសាទនោះគឺប្រាសាទប្រាំ នោះហើយ។
ប្រាសាទប្រាំក៏ជាប្រាសាទបែបព្រហ្មញ្ញសាសនាដែរ ព្រោះយើងអាចឃើញមានជើងទ្រលឹង្គព្រះសិវៈ ដែលត្រូវបានគេយកចេញមកខាងក្រៅ នៅក្បែរនោះ ។ ប្រាសាទនេះក៏សាងសង់ឡើងដោយថ្មភក់ពណ៌ផ្កាឈូក ថ្មភក់ពណ៌ប្រផេះ និងថ្មបាយក្រៀម ។ ថ្វីបើតួប៉មសំខាន់នៃប្រាសាទនេះ បាក់បែកស្ទើរគ្មានសល់ក្តី យើងអាចមើលឃើញសំណង់ធម្មសាលា ចំនួនពីរដែលសង់ដោយថ្មភក់ពណ៌ផ្កាឈូកនៅសេសសល់ដែរ រួមនឹងជើងទម្រ និង បំណែកខ្លះៗនៃកំពូលប្រាសាទ ប្រាសាទនេះ ឡោមព័ទ្ធដោយរបងធ្វើពីថ្មបាយក្រៀម ឥឡូវនេះមើលស្ទើរតែមិនយល់ នឹងមានស្រះទឹកតូចមួយនៅភាគខាងជើង ។
 |
សំណង់ដែលសង់ដោយថ្មបាយក្រៀមនៅខាងក្នុង និងថ្មភក់នៅខាងក្រៅ |
 |
សំណង់បណ្ណាល័យប្រាសាទប្រាំ |
 |
បណ្ណាល័យប្រាសាទប្រាំ |
 |
បំណែកទ្វារបញ្ឆោតនៃតួប៉មកណ្តាលនៃប្រាសាទប្រាំ ធ្វើពីថ្មភក់ |
 |
បំណែកនៃកំពូលប្រាសាទធ្វើពីថ្មភក់ផ្កាឈូក |
 |
ប្រាសាទមើលពីខាងក្រៅកំពែង |
ជាចុងក្រោយ ខ្ញុំសូមអរគុណ អរព្រះគុណ ដល់ទ្រង់ ឯកឧត្តម អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានចំណាយពេលអានតាំងពីដើមរហូតដល់ចុងបញ្ចប់ ! ខ្ញុំសង្ឃឹមថាអស់លោកនឹងជួយគាំទ្រនិងចែករំលែកបន្តដើម្បីអោយ បងប្អូនដែលស្រលាញ់ប្រាសាទបុរាណខ្មែរ ដែលចង់ចេះចង់ដឹង ចង់ឃើញនូវស្នាដៃបុព្វបុរសខ្មែរជំនាន់មុន ដើម្បីជាបច្ច័យដល់ការស្រាវជ្រាវនានា ។ បើបងប្អូនមានចំងល់ ឬមានតំរុយពីប្រាសាទទាំងនេះ សូមមេត្តាចូលរួមផ្តល់មតិនៅខាងក្រោម ដើម្បីសិក្សាស្វែងយល់ទាំងអស់គ្នា !
ខ្ញុំសូមសំណូមពរផងដែរ ដល់បងប្អូនដែលបានទៅដល់ទីនោះ សូមមេត្តាចូលរួមថែរក្សាបរិស្ថានអោយបានស្អាត ជៀសវាងការចោលសំបកដប សំរាម ឬការផឹកស៊ីផ្សេងៗក្នុងបរិវេណប្រាសាទ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹងរួមចំណែកថែរក្សាសម្បត្តិវប្បធម៌ដែលសេសសល់ អោយបានគង់វង្សយូរអង្វែងតទៅរៀងអើយ ៕
ជួបគ្នានៅប្រាសាទ ផ្សេងៗទៀត នាពេលឆាប់ៗខាងមុខនេះ!!!!
Comments
Post a Comment