ប្រាសាទអង្គរវត្ត

ខ្ញុំប្រាកដថា ជនជាតិខ្មែរស្ទើរតែទាំងអស់ បានស្គាល់ឈ្មោះអង្គរវត្តរួចមកហើយ ព្រោះអង្គរវត្ត គឺជាឈ្មោះប្រាសាទបុរាណខ្មែរដ៏ល្បីល្បាញមួយដែលបានសាងសង់ក្នុងសម័យអាណាចក្រអង្គរដ៏រុងរឿង​ ហើយក៏ជាបេតិកភ័ណ្ឌពិភពលោកផងដែរ។ អង្គរវត្តក៏មានវត្តមាននៅក្នុងទង់ជាតិនៃព្រះវាជាណាចក្រកម្ពុជាស្ទើរគ្រប់សម័យកាលផងដែរ ដូច្នេះជនជាតិខ្មែរទាំងមូល ប្រាកដជាស្គាល់ឈ្មោះនេះជាមិនខាន ប៉ុន្តែតើមានជនជាតិខ្មែរប៉ុន្មានភាគរយបានទៅដល់ប្រាសាទនេះ ហើយទស្សនាដោយផ្ទាល់ភ្នែក ? តើប្រាសាទអង្គរវត្តមានលក្ខណៈពិសេសអ្វីខ្លះទើបល្បីរន្ទឺពាសពេញពិភពលោកយ៉ាងនេះ​? តើហេតុផលអ្វីខ្លះដែលអ្នកគួរតែទៅទស្សនាអោយបានម្តង ក្នុងមួយជីវិត? ខ្ញុំនឹងនាំលោកអ្នកអោយបានដឹងខ្លះៗអំពីប្រាសាទអង្គរវត្ត ដោយការចែករំលែករូបភាព និងពិពណ៌នាខ្លះៗ អំពីប្រវត្តិសាស្ត្រនៃប្រាសាទនេះ ។

angkor wat reflection
Angkor Wat
ប្រាសាទអង្គរវត្ត ស្ថិតនៅភាគខាងជើង ប្រមាណជា៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ធ្វើដំណើរចេញពីរង្វង់មូលព្រះរាជដំណាក់ឆ្ពោះទៅត្រង់ទៅកាន់ទិសខាងជើង នោះអ្នកនឹងឃើញទក្សិណទឹកដ៏ធំមួយ ហើយបត់ឆ្វេងតាមបណ្តោយទក្សិណនោះ អ្នកនឹងទៅដល់ចំណតរថយន្ត ម៉ូតូ ។ បន្ទាប់ពីថតរថយន្តឬម៉ូតូហើយ អ្នកអាចដើរចូលតាមច្រកចូលខាងលិច ឆ្លងកាត់ស្ពានបណ្តែតទឹក(រានហាលចាស់ កំពុងជួសជុល) ដើម្បីទៅទស្សនាផ្នែកខាងក្នុងនៃប្រាសាទនេះ។
លោកអ្នកត្រូវប្រាកដថា លោកអ្នកស្លៀកពាក់សមរម្យ ដូចជាមិនបញ្ចេញស្មា មិនស្លៀកខោឬសំពត់ខ្លីលើជង្គង់ជាដើម ព្រោះនេះជាបំរាមរបស់អាជ្ញាធរអប្សរា ។



បន្ទាប់ពីបានឆ្លងស្ពានបណ្តែតទឹកហើយ អ្នកនឹងបានឃើញខ្លោងទ្វារចំនួន៥ ប៉ុន្តែមានច្រកចូលតែ៣ប៉ុណ្ណោះដែលមានកំពូល (បាក់បែកអស់ពាក់កណ្តាល) រីឯច្រកចូល២ទៀតដែលនៅខាងចុងគេ មិនមានកាំជណ្តើរ និងកំពូលនោះទេ ។ ច្រកចូលកណ្តាលគេ គឹសំរាប់ព្រះហាក្សត្រយាងចេញចូល វាជាច្រកសំខាន់ភ្ជាប់ទៅដល់កំពូលកណ្តាលនៃប្រាសាទបាកាន។ ច្រកសងខាងកំពូលកណ្តាល ស្រាប់មន្ត្រីជាន់ខ្ពស់ ឆ្លងកាត់ និង សងខាងដែលមិនមានកំពូលនិងកាំជណ្តើរ គឺសម្រាប់មន្ត្រីជាន់ទាប ដំរី សេះ ឬប្រជារាស្ត្រឆ្លងកាត់ ។ 
នៅខាងស្តាំច្រកចូលកណ្តាល មានរូបបដិមាដ៏ធំមួយ គឺជាបដិមារព្រះនរាយណ៍ (ព្រះវិស្ណុ) នៃព្រហ្មញ្ញសាសនា ទ្រង់មានព្រះហស្ថចំនួន៨ បែរមុខទៅទិសខាងលិច អ្នកស្រុកនៅសៀមរាបតែងតែហៅបដិមានេះថា លោកតារាជ្យ ហើយតែងតែធ្វើការបួងសួងបន់ស្រន់សុំសេចក្តីសុខ នៅទីនេះ ព្រោះគេជឿថាលោកតារាជ្យ ខ្លាំងពូកែសក្កិសិទ្ធ តែងតែតាមថែរក្សាប្រជារាស្ត្រតាំងពីសម័យអង្គរមកម្លេះ ។ ទោះបីជាបដិមានេះ ជាព្រះវិស្ណុនៃព្រហ្មញ្ញសាសនា ក៏ពុទ្ធបរិស័ទ និងមហាជនទូទៅ គោរពបូជាមិនដែលខកខាន ជាពិសេសនៅរៀងរាល់ថ្ងៃសីល និងថ្ងៃពិធីបុណ្យសាសនាម្តងៗ។ លោកអ្នកគួរតែផ្តល់ការគោរពដល់លោកតារាជ្យ ព្រោះទ្រង់ជាម្ចាស់នៃប្រាសាទអង្គរវត្ត ទ្រង់ជាអ្នកការពារដ៏ខ្លាំងពូកែ ក្នុងសាសនាព្រហ្មណ៍។

នៅខាងក្រោយលោកតារាជ្យ លោកអ្នកអាចរកមើលចំលាក់អប្សរាមួយ ដែលញញឹមដោយបញ្ចេញនូវធ្មេញដ៏ស្រស់ស្អាត ក្នុងចំណោមអប្សរាជាង១៨០០ ដែលឆ្លាក់លើជញ្ជាំងប្រាសាទ ។សូមមេត្តាប្រុងប្រយ័ត្ន ព្រោះទីនោះ មានភាពចង្អៀតងាយនឹងរអិលជើងធ្លាក់ (សូមមេត្តាកុំប៉ះពាល់ចំលាក់គ្រប់ប្រភេទ) ។

អប្សរាចេញធ្មេញ ក្រោយបដិមាលោកតារាជ្យ

បន្ទាប់ពីនោះ សូមលោកអ្នកធ្វើដំណើរឆ្ពោះទៅកាន់រានហាលទី២ ហើយនៅចំពោះមុខលោកអ្នកនោះគឺប្រាសាទអង្គរវត្តដ៏ល្បីល្បាញ លោកអ្នកអាចមើលឃើញកំពូលបី ឈរយ៉ាងសង្ហារនៅលើតួប្រាសាទដ៏ធំស្កឹមស្កៃ ដែលជានិមិត្តរូបនៅលើទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
នៅសងខាងរានហាលដែលមានបង្កាន់ដៃនាគក្បាល៧នេះ(៣៥០ម) មានសំណង់តូច២ដែលសង់ដោយថ្មភក់ សំណង់នេះ គេហៅថាធម្មសាលា ឬនិយាយអោយងាយស្តាប់ គឺ ជាបណ្ណាល័យសំរាប់តំកល់គម្ពីរផ្សេងៗ ដែលមួយនៅខាងឆ្វេងដៃត្រូវបានជួសជុលដោយរដ្ឋាភិបាលជប៉ុន និងមួយនៅខាងស្តាំ ត្រូវបានជួសជុលដោយសាលាបារាំងចុងបូព៌ា ។ 
មកដល់ទីនេះ លោកអ្នកនឹងបានឃើញ ស្រះទឹក២នៅសងខាងរានហាលនេះផងដែរ​ លោកអ្នកអាចចំណាយពេលនៅមុខស្រះ ថតយករូបភាពនៃចំណាំងផ្លាតនៃប្រាសាទអង្គរវត្ត នៅក្នុងស្រះទឹក ព្រោះនៅមុខស្រះ លោកអ្នកអាចមើលឃើញកំពូលប្រាសាទទាំងប្រាំបានយ៉ាងច្បាស់​។ ស្រះទាំង២នេះ អាចថតរូបបានស្អាតដូចគ្នា តែទោះជាយ៉ាងណា ខ្ញុំណែនាំអោយទៅថតនៅស្រះខាងជើង ( ឆ្វេងដៃ) ព្រោះមិនសូវបាំងនឹងដើមត្នោត មើលឃើញច្បាស់ និងមានផ្កាឈូកនិងផ្កាព្រលឹតផង ។ 

បន្ទាប់ពីនោះ ខ្ញុំសូមណែនាំលោកអ្នកទៅកាន់ថែវទី១នៃប្រាសាទអង្គរវត្តដោយធ្វើដំណើរតាមចំហៀងស្រះ ឆ្លងកាត់តូបលក់ដូរវត្ថុុអនុស្សាវរីយ៍និងភេសជ្ជៈ ចូលទៅផ្នែកខាងជើងឆៀងខាងលិចនៃប្រាសាទ ។ នៅទីនេះ អ្នកនឹងមានអារម្មណ៍ត្រជាក់​​និងភ្ញាក់ផ្អើលស្ញប់ស្ញែងចំពោះអ្វីដែលលោកអ្នកបានឃើញនៅចំពោះមុខ។​មានចំលាក់ជាច្រើននៅលើជញ្ជាំង ពិពណ៌នាអំពីទេវកថា សង្គ្រាមទេវតានិងអសុរៈ ចំលាក់ព្រះវិស្ណុគង់នៅលើសត្វគ្រុឌ និងចំលាក់របស់ទេពក្នុងសាសនាព្រាហ្មណ៍ជាច្រើនទៀត ។​
ខ្ញុំសូមធ្វើការពណ៌នាដោយសង្ខេប រួមជាមួយរូបភាពដូចតទៅនេះ ៖​
ចំលាក់ព្រះវិស្ណុ (ព្រះនរាយណ៍)​ គង់លើសត្វគ្រុឌ










Comments

Popular posts from this blog

អវតារទាំង១០របស់ព្រះវិស្ណុ ឬព្រះនារាយណ៍

រឿងនិទានសម័យអង្គរ ដែលបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន

តើនារីអប្សរាមានឈ្មោះដែរឬទេ?